ក្រសួងការពារជាតិរ៉ូម៉ានី បានឲ្យដឹងនៅថ្ងៃពុធ (ទី២៩ ខែតុលា) នេះថា រ៉ូម៉ានី និងសម្ព័ន្ធមិត្តអង្គការណាតូ (NATO) ត្រូវបានជូនដំណឹង អំពីផែនការរបស់សហរដ្ឋអាមេរិក ក្នុងការកាត់បន្ថយចំនួនទាហានដែលឈរជើងនៅប៉ែកខាងកើតរបស់អឺរ៉ុប ក្នុងនោះរួមទាំងទាហាន នៅមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu របស់ប្រទេសរ៉ូម៉ានីផងដែរ។
នៅមុននេះ សម្ព័ន្ធមិត្តអ៊ឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានប្រាប់ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ថា ពួកគេនឹងត្រូវទទួលខុសត្រូវបន្ថែមទៀត សម្រាប់សន្តិសុខផ្ទាល់របស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកផ្តោតកាន់តែខ្លាំងលើព្រំដែនរបស់ខ្លួន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្រសួងការពារជាតិបានឲ្យដឹងថា៖ «ការសម្រេចរបស់អាមេរិក គឺបញ្ឈប់ការឆ្លាស់កម្លាំងនៃកងពលតូច នៅអឺរ៉ុប ដែលមានអង្គភាពនៅក្នុងប្រទេសជាច្រើនរបស់អង្គការណាតូ»។
ក្រសួងបានបន្ថែមថា ការសម្រេចនេះត្រូវបានគេរំពឹងថា នឹងមានការប្តូរនៅក្នុងអាទិភាពរបស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែថា ទាហានអាមេរិកប្រហែល ១.០០០នាក់ នឹងបន្តឈរជើងនៅក្នុងប្រទេសរូម៉ានី។ មិនមានការអត្ថាធិប្បាយភ្លាមៗនោះឡើយ ពីអង្គការណាតូ ជុំវិញការបញ្ជាក់ពីការដកទាហានខ្លះរបស់សហរដ្ឋអាមេរិកនេះ៕
