ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយយ៉ាងទទួចថា បទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកនៅតំបន់ហ្កាហ្សា នៅតែចូលជាធរមាន បើទោះបីជាកងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ១០០នាក់ រួមទាំងកុមារ ៤៦នាក់ក៏ដោយ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ក្នុងរយៈពេលប្រហែល ១២ម៉ោង ចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃពុធនេះ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ១០៤នាក់ និងមនុស្សប្រហែល ២៥៣នាក់ផ្សេងទៀត បានរងរបួស ។
ក្រុមការពារស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧក្រិដ្ឋកម្មចងក្រងជាឯកសារទាំងនេះ បន្ថែមពីលើបញ្ជីឈ្មោះយ៉ាងវែងនៃការបំពានលើមនុស្សរបស់ពួកយើង ហើយពួកគេទាមទារឲ្យមានបទឈប់បាញ់បន្ទាន់ និងគ្រប់ជ្រុងជ្រោយនៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ។

ប្រភពវេជ្ជសាស្រ្តនិយាយប្រាប់កាសែត Al Jazeera ថា ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារចុងក្រោយនេះ ត្រូវចំសំពត់តង់ជាជម្រករបស់មនុស្សជម្លៀសខ្លួននៅទីក្រុង Deir el-Balah ស្ថិតនៅភាគកណ្តាលហ្កាហ្សា ។ ការវាយប្រហារផ្សេងទៀតមានគោលដៅលើតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូងហ្កាហ្សា ។
នៅថ្ងៃពុធនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយការពារសកម្មភាពរបស់អ៊ីស្រាអែល ដោយរូបលោកលើកឡើងពីសេចក្តីរាយការណ៍ថា ទាហានអ៊ីស្រាអែលវ័យ ៣៧ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅតំបន់ភាគខាងត្បូងហ្កាហ្សា ។
សេចក្តីថ្លែងការណ៍ពីយោធាអ៊ីស្រាអែល ពុំបានបញ្ជាក់ច្បាស់លាស់នោះទេពីពេលវេលាដែលទាហានរូបនោះ ត្រូវបានសម្លាប់ ប៉ុន្តែពួកគេនិយាយថា គ្រួសាររបស់គាត់ត្រូវបានជូនដំណឹង មុនពេលបញ្ចេញព័ត៌មាន ៕


