ប្រភពមួយ បានប្រាប់សារព័ត៌មាន Al Arabiya នៅថ្ងៃពុធ (ទី២៩ ខែតុលា) នេះថា កិច្ចពិភាក្សា រវាងអ៊ីស្រាអែល និងស៊ីរី នៅតែបន្តមាន ហើយជិតបញ្ចប់សព្វគ្រប់ហើយ បន្ទាប់ពីបានធ្វើទំនាក់ទំនងការទូតជាច្រើនខែ ចំពេលមានភាពតានតឹងនៅភាគខាងត្បូងប្រទេសស៊ីរី។
ប្រភពនេះបានបន្តថា អ៊ីស្រាអែលបានប្រាប់សហរដ្ឋអាមេរិក និងស៊ីរីថា ខ្លួនមិនគាំទ្រការអំពាវនាវឲ្យមានអបគមន៍ នៅក្នុងប្រទេសស៊ីរីនោះឡើយ។ ប្រភពដដែលបានបន្ថែមថា អ៊ីស្រាអែលបានធានាដល់សហរដ្ឋអាមេរិកថា ខ្លួនមិនគាំទ្រមេដឹកនាំជនជាតិភាគតិច Druze នៅស៊ីរី គឺលោក Hikmat al-Hijri ឬឥស្សរជនផ្សេងទៀតនៅក្នុងខេត្ត Sweida នោះទេ។
លោក Al-Hijri ដែលជាមេដឹកនាំសាសនាដ៏លេចធ្លោមួយរូបនៃជនជាតិ Druze នៅភាគខាងត្បូងប្រទេសស៊ីរី នៅមុននេះ បានគាំទ្រគំនិតការបង្កើតតំបន់ដាច់ដោយឡែកមួយ សម្រាប់សហគមន៍ជនជាតិភាគតិចរបស់លោក ចំពេលមានភាពតានតឹងជាមួយទីក្រុងដាម៉ាស។

ភាពតានតឹងបានផ្ទុះឡើងបន្ទាប់ពីមានការបង្ហូរឈាមជាច្រើនថ្ងៃ នៅក្នុងខេត្ត Sweida ពោលគឺជាច្រើនខែកន្លងទៅ ដែលបណ្តាលមកពីការប៉ះទង្គិចគ្នា រវាងក្រុមយុទ្ធជនរបស់ជនជាតិភាគតិច Druze និងជនជាតិភាគតិច Bedouin ដែលកាន់សាសនាឥស្លាមនិកាយស៊ុននី ប៉ុន្តែបានវិវត្តកាន់តែអាក្រក់ៗទៅយ៉ាងឆាប់រហ័ស រហូតដល់មានពាក់ព័ន្ធនឹងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធមកពីផ្នែកផ្សេងទៀតនៃប្រទេសស៊ីរី។
អ៊ីស្រាអែលបានធ្វើអន្តរាគមន៍នៅពេលនោះ ដោយការវាយប្រហារដែលខ្លួនអះអាងថា ជាការគាំទ្រដល់ជនជាតិភាគតិច Druze៕
