បាល់ទាត់៖ លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញមោទនភាពជាខ្លាំង សម្រាប់ព្រឹត្តិការណ៍ដំបូងដែលនឹងត្រូវប្រកួតនៅវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ គឺការប្រកួតពានរង្វាន់ AFF U23 Championship 2022 ខណៈកីឡាករ ២៨នាក់ចុងក្រោយដែលត្រូវប្រកាសត្រៀមការប្រកួតក្នុងដីនេះ ត្រូវបានពន្យារពេលដល់ថ្ងៃទី១២-កុម្ភៈ។

គ្រូជំនួយរូបនេះបានលើកឡើងថា ពហុកីឡដ្ឋានជាតិមរតកតេជោគឺជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ដូច្នេះក្នុងនាមក្រុមការងារ ក៏ដូចជាក្រុមជម្រើសជាតិផ្ទាល់ពិតជាមានមោទនភាពដែលបានដឹកនាំ និងចូលរួមការប្រកួតដំបូងនៅក្នុងពហុកីឡដ្ឋានស្ដង់ដារអន្ដរជាតិដ៏អស្ចារ្យរបស់កម្ពុជានេះ។ ពាក់ព័ន្ធការធ្វើតេស្ដ និងជ្រើសរើសកីឡាករវិញ លោក ភា សុភ័ក្ដ្រា បានបញ្ជាក់ថា ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់បំផុតពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាក់ស្ដែងការប្រកាសកីឡាករ ២៨នាក់ចុងក្រោយត្រូវបានពន្យារពេលដល់ថ្ងៃទី១២-កុម្ភៈ ព្រោះក្រុមការងារគ្រូចង់ឲ្យពួកគេបង្ហាញនូវសក្ដានុពលដែលខ្លួនមាន ហើយមានឱកាសហ្វឹកហាត់ផ្ទាល់ជាមួយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមគោព្រៃ មុនឈានដល់ការសម្រេចបញ្ជីឈ្មោះចុងក្រោយសម្រាប់ត្រៀមការប្រកួត AFF U23 នាសប្ដាហ៍ក្រោយ។

គួរដឹងថា ពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះនេះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈនេះដោយប្រើប្រាស់ទីលាន ២ សម្រាប់ធ្វើការប្រកួតរួមមានពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានព្រីនស៍ ខណៈព្រឹត្តិការណ៍ប្រចាំតំបន់នេះទទួលបានសិទ្ធផ្សាយផ្ទាលផ្ដាច់មុខដោយស្ថានីយ៍ទូរទស្សន៍ BTV-News ។ ចំពោះសំបុត្រចូលទស្សនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងដាក់លក់នៅថ្ងៃទី១០ ខែកុម្ភៈនេះ។ នៅក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះដែរគឺមាន ១១ប្រទេសចូលរួម និងបែងចែកជា ៣ពូលក្នុងនោះក្រុមម្ចាស់ផ្ទះគោព្រៃជំទង់កម្ពុជាស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី។ ចំពោះកម្មវិធីប្រកួតបើកឆាកនៅថ្ងៃទី១៤ ខែកុម្ភៈនេះគឺក្រុមគោព្រៃជំទង់កម្ពុជានឹងត្រូវជួបក្រុម U23 ព្រុយណេនៅពហុកីឡដ្ឋានជាតិមរតកតេជោនាវេលាម៉ោង ៧យប់ ពោលគឺក្រោយចប់ការប្រកួតរវាងក្រុមទីម័រខាងកើត និងហ្វីលីពីន៕
អត្ថបទ៖ លី ឈុនឡា