នៅថ្ងៃពុធ (ទី២៩ ខែតុលា) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ត្រូវបានសម្រេចឡើងជាមួយកូរ៉េខាងត្បូង ជាការកត់សម្គាល់ដែលបានធ្វើឲ្យតម្លៃប្រាក់វ៉ុនហក់ឡើង ធៀបនឹងប្រាក់ដុល្លារ ខណៈដែលកិច្ចព្រមព្រៀងនេះ ធានាលុបបំបាត់ភាពមិនច្បាស់លាស់ សម្រាប់សេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្ម។

ជាការឆ្លើយតបទៅនឹងសំណួរថា តើកិច្ចព្រមព្រៀងមួយត្រូវសម្រេចបានដែរ ឬទេ នៅមុនពិធីជប់លៀងអាហារពេលល្ងាចដែលរៀបចំដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung លោក Trump បានប្រាប់ថា៖ «យើងបានធ្វើហើយ យើងសម្រេចបានហើយ។ យើងបានឈានដល់កិច្ចព្រមព្រៀងមួយ»។ ក្រោយមក លោកបានបន្ថែមដោយមិនបានផ្តល់ព័ត៌មានលម្អិតថា៖ «យើងបានធ្វើកិច្ចព្រមព្រៀងរបស់យើង ហើយស្ទើរតែបានបញ្ចប់សព្វគ្រប់ហើយ»។
បើយោងតាមព័ត៌មាន បានឲ្យដឹងថា តម្លៃប្រាក់វ៉ុនបានឡើង ០,៥៤ភាគរយ ធៀបនឹងប្រាក់ដុល្លារ គិតត្រឹមម៉ោង ១០:០១នាទី ម៉ោងសកល។ ក្នុងករណីដែលគ្មានកិច្ចព្រមព្រៀង ក្រុមហ៊ុនផលិតរថយន្ត និងដែកថែបរបស់កូរ៉េខាងត្បូង ត្រូវតែបង់ពន្ធ ២៥ភាគរយ ក្នុងការនាំចេញទៅសហរដ្ឋអាមេរិក ពោលគឺមិនមែន ១៥ភាគរយដែលបានព្រមព្រៀងគ្នា កាលពីខែកក្កដាឡើយ ដោយធ្វើឲ្យផលិតផលទាំងនេះចាញ់ប្រៀបដៃគូប្រកួតប្រជែង គឺជប៉ុនដែលត្រូវបង់តែ ១៥ភាគរយ បន្ទាប់ពីទីក្រុងតូក្យូមានកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក៕
