បារាំងព្រមានថា បទឈប់បាញ់នៅតំបន់ហ្កាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ស្ថិតក្រោមការគំរាមកំហែងនៅថ្ងៃពុធនេះ ហើយពួកគេអំពាវនាវឲ្យស្តាវាឡើងវិញឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។
លោក Maud Bregeon គឺជាអ្នកនាំពាក្យរដ្ឋាភិបាលបារាំងនិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបគណៈរដ្ឋមន្រ្តីថា បារាំងនឹងស្វែងរកការដើរតួនាទីនៅក្នុងការធ្វើឲ្យស្ថិរភាពនៅតំបន់មួយនេះ ក៏ដូចជាកិច្ចខិតខំថែរក្សាសន្តិភាព ។
យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃពុធនេះថា ពួកគេនឹងគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ខណៈក្រុមមន្រ្តីសុខភាពនៅដែនប៉ាឡេស្ទីនមួយនេះ និយាយថា ការវាយប្រហារតាមច្រកអាកាស បានសម្លាប់មនុស្ស ១០៤នាក់ ក្នុងនោះភាគីទាំង ២ បានដាក់ការស្តីបន្ទោសឲ្យគ្នាទៅវិញទៅមក សម្រាប់ការបំពានបទឈប់បាញ់ ។
ខណៈពេលនោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpនិយាយការពារសកម្មភាពរបស់អ៊ីស្រាអែល ដោយរូបលោកលើកឡើងពីសេចក្តីរាយការណ៍ថា ទាហានអ៊ីស្រាអែលវ័យ ៣៧ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅតំបន់ភាគខាងត្បូងហ្កាហ្សា ។
សេចក្តីថ្លែងការណ៍ពីយោធាអ៊ីស្រាអែល ពុំបានបញ្ជាក់ច្បាស់លាស់នោះទេពីពេលវេលាដែលទាហានរូបនោះ ត្រូវបានសម្លាប់ ប៉ុន្តែពួកគេនិយាយថា គ្រួសាររបស់គាត់ត្រូវបានជូនដំណឹង មុនពេលបញ្ចេញព័ត៌មាន ៕