មន្រ្តីក្រុមប្រឆាំងមួយរូបរបស់តង់ហ្សានី និយាយកាលពីថ្ងៃអង្គារថា មនុស្ស ៥២នាក់ ត្រូវបានចាប់ពង្រត់នៅក្នុងខែតុលានេះ ស្របពេលដែលក្រុមលើកលែងទោសអន្តរជាតិ ព្រមានពីវិបត្តិសិទ្ធិមនុស្សកាន់តែជ្រៅនៅប្រទេសអាហ្រ្វិកខាងកើតមួយនេះ មុនការបោះឆ្នោត ។
លោក Deogratias Munishi គឺជាមន្រ្តីមួយរូបមកពីគណបក្សប្រឆាំង CHADEMA និយាយថា មនុស្សមួយចំនួនក្នុងចំណោមអ្នកដែលត្រូវចាប់ពង្រត់ នៅបន្តបាត់ខ្លួន ។
លោក Munishi និយាយថា រលកនៃការចាប់ពង្រត់ក្នុងខែនេះ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ។ ពួកគេមួយចំនួន ពួកយើងពុំបានដឹងថាតើពួកគេនៅទីណានោះទេ ថាតើពួកគេត្រូវបានសម្លាប់ ឬមួយពួកគេនៅរស់ នៅក្នុងស្ថានភាពមួយដែលគ្មាននរណាម្នាក់យល់ឃើញថាសុវត្ថិភាពនោះទេនៅប្រទេសតង់ហ្សានី ។
លោក Munishi បានចោទប្រកាន់រដ្ឋាភិបាលតង់ហ្សានីថា ប្រើប្រាស់តាក់ទិកផ្តាច់ការ ដើម្បីបន្តកាន់អំណាច ដោយលោកបញ្ជាក់ថា ក្រុមមន្រ្តីព្រួយបារម្ភខ្លាចបាត់បង់ការគ្រប់គ្រងអំណាច បើសិនជាពួកគេអនុញ្ញាតឲ្យមានការប្រកួតប្រជែងនយោបាយពិតប្រាកដ ។
លោក Wanjiru Muitha គឺជាអ្នកចុះយុទ្ធនាការរបស់ក្រុមលើកលែងទោសអន្តរជាតិនៅប្រទេសកេនយ៉ា និយាយថា ពួកគេបានចងក្រងឯកសារបំពានសិទ្ធិមនុស្សនៅតង់ហ្សានី ចាប់តាំងពីខែមករា ឆ្នាំ ២០២៤មកម្ល៉េះ ដោយលោកធ្វើការព្រមានថា ស្ថានភាពអាចនឹងអាក្រក់ជាងនេះ អំឡុងពេល និងក្រោយពេលការបោះឆ្នោតខាងមុខ ។
លោកថា ក្តីបារម្ភខ្លាំងបំផុតរបស់ពួកយើង គឺវិបត្តិមនុស្សធម៌កាន់តែជ្រៅដែលពួកយើងបានមើលឃើញមាននៅប្រទេសតង់ហ្សានី នៅមុនការបោះឆ្នោតទាំងនេះ ៕