កង្វះខាតប្រេងឥន្ធនៈ កំពុងយីយាយ៉ាងខ្លាំងដល់វិស័យកសិកម្មនៅប្រទេសបូលីវី ធ្វើឲ្យការប្រមូលផលជាប់គាំង និងខ្សែសង្វាក់ផលិតកម្មស្ថិតក្នុងហានិភ័យ ពេលដែលកសិករពិបាករកទិញប្រេងម៉ាស៊ូត ។
នៅចម្ការស្ករអំពៅ Santa Cruz ដែលជាតំបន់កសិកម្មដ៏សំខាន់មួយរបស់បូលីវិ គ្រឿងចក្រប្រមូលផលបានត្រឹមចតនៅស្ងៀម ពេលដែលដំណាំរង់ចាំការប្រមូលផល ។
លោក Edwin Parra គឺជាវិស្វករកសិកម្មមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រថយន្តដឹកជញ្ជូន ពុំទាន់មកដល់នោះទេ ដោយសារតែក្សត់ប្រេងឥន្ធនៈ បង្ខំឲ្យកសិករងាកទៅរកប្រេងម៉ាសូតក្នុងទីផ្សារងងឹត ក្នុងតម្លៃថ្លៃជាងមុន ។ វិបត្តិនេះបន្តកើតមាន មិនត្រឹមតែស្ករអំពៅមួយប៉ុណ្ណោះទេ ។
លោក Klaus Frerking គឺជាប្រធានសភាពាណិជ្ជកម្មកសិកម្មភូមិភាគកើត បានធ្វើការព្រមានថា ការផលិតស្រូវ ប្រឈមនឹងពេលផុតកំណត់ដ៏សំខាន់ ។
លោកបន្តថា បើសិនជាពួកយើងមិនដាំដុះនៅថ្ងៃទី ១៥ ខែវិច្ឆិកាទេនោះ ពួកយើងនឹងប្រឈមកង្វះខាតស្រូវនៅឆ្នាំ ២០២៦ ហើយក្នុងនោះ វិស័យស្រូវសាលី ពោត និងទឹកដោះគោ រងផលប៉ះពាល់ស្មើគ្នា ។
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទលោក Yamil Flores និយាយថា ប្រធានាធិបតីបូលីវីលោក Luis Arce ដែលគ្រោងនឹងលាលែងពីតំណែងនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខនេះ បានចែកចាយប្រេងត្រឹមតែ ៨លានលីត្រប៉ុណ្ណោះ ក្នុងចំណោមប្រេង ៣៥លានលីត្រ ត្រូវការសម្រាប់រដូវដាំដុះខែប្រាំង ។
យោងតាមការវិភាគ បានឲ្យដឹងថា កង្វះខាតប្រេងនស្រុក Andean ពាក់ព័ន្ធនឹងគោលនយោបាយឧបត្ថម្ភធនប្រេងឥន្ធនៈ ការរត់ពន្ធតាមព្រំដែន ការធ្លាក់ចុះការផលិតឧស្ម័ន និងកង្វះខាតរូបិយប័ណ្ណបរទេស ដើម្បីនាំចូលប្រេង ៕