ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការខណ្ឌពាក់ព័ន្ធ បានបើកការស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិនៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនមនុស្ស០៨នាក់ ។
ជនសង្ស័យទាំង០៨នាក់ មានឈ្មោះ ៖ ទី១ ឈ្មោះនូ សុវណ្ណដេវិស ភេទប្រុស អាយុ១៧ឆ្នាំ , ទី២ឈ្មោះ រស្មី ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ , ទី៣ឈ្មោះ នី អាប់ឌុលអាហ្សីស ភេទប្រុស អាយុ១៧ឆ្នាំ , ទី៤ឈ្មោះ ប៉ុប ហួន ភេទប្រុស អាយុ១៧ឆ្នាំ , ទី៥ឈ្មោះ ឆាយ លីឈ័រ ភេទប្រុស អាយុ១៧ឆ្នាំ , ទី៦ឈ្មោះ នៅ កាញ់ ណា រត្ន័ ភេទប្រុស អាយុ១៧ឆ្នាំ , ទី៧ឈ្មោះ ជា សុខលៀប ភេទប្រុស អាយុ១៧ឆ្នាំ និងទី៨ឈ្មោះ សេង វីរៈ ហៅ ឡូហ្គេន ភេទប្រុស អាយុ១៨ឆ្នាំ។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង បន្ទាប់ពីក្រុមជនសង្ស័យ បានធ្វើសកម្មភាពបង្កហិង្សា ដោយប្រើដាវ និងកាំបិត កាប់ប្រហារបណ្តាលឱ្យជនរងគ្រោះរងរបួស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ នៅការ៉ាសសាំង TOTAL ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ទើបកម្លាំងជំនាញ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ , ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានឈានទៅឃាត់ខ្លួនបាន សរុបទាំង៨នាក់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ។
បច្ចុប្បន្នជនសង្ស័យទាំង០៨ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ ។ ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោស នៅពេលខាងមុខ ៕ កុម្ភះ


