អង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី ២៩ ខែតុលាបានហៅការស្លាប់នៅក្នុងការវាយប្រហារយោធាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាថា គួរឱ្យរន្ធត់ ខណៈជំរុញឱ្យភាគីទាំងអស់ជួយកុំឱ្យសន្តិភាពរបូតចេញពីដៃ ។

អ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារលើគោលដៅរបស់ក្រុមហាម៉ាសរាប់សិបកន្លែង បន្ទាប់ពីការស្លាប់របស់ទាហានម្នាក់ ដោយរុញឲ្យតំបន់ហ្កាហ្សាស្ទ្រីបជួបប្រទះការទម្លាក់គ្រាប់បែកទាំងយប់ដ៏សាហាវបំផុតចាប់តាំងពីបទឈប់បាញ់សម្របសម្រួលដោយអាមេរិកចូលជាធរមានកាលពីថ្ងៃ១០តុលា។
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា ការវាយប្រហារត្រូវបានរាយការណ៍ថាបានចំលើសាលារៀន ផ្ទះសម្បែង និងតង់ជាទីកន្លែងដែលជនភៀសខ្លួនខាងក្នុងរស់នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា របាយការណ៍នានានិយាយថាជនជាតិប៉ាឡេស្ទីន១០៤នាក់ត្រូវបានសម្លាប់ទាំងយប់ក្នុងរលកនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ភាគច្រើនទៅលើអគារលំនៅឋាន ជម្រកតង់ និងសាលារៀននៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការស្លាប់របស់ទាហានអ៊ីស្រាអែល។
លោក Turk បាននិយាយថា អ៊ីស្រាអែលត្រូវតែគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ហើយនឹងទទួលខុសត្រូវចំពោះការរំលោភបំពានណាមួយ៕

