ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ ទី២៩ ខែតុលា ថា សិស្សរាប់រយនាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ខ្លួនឈឺក្រោយពីទទួលទានអាហារដោយមិនគិតថ្លៃនៅសាលារៀន ជាករណីចុងក្រោយនៃការពុលអាហារពាក់ព័ន្ធនឹងកម្មវិធីដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល។ សិស្សរាប់ពាន់នាក់បានធ្លាក់ខ្លួនឈឺចាប់តាំងពីគម្រោងថវិការាប់ពាន់លានដុល្លាររបស់ប្រធានាធិបតី លោក Prabowo Subianto បានចាប់ផ្តើមក្នុងខែមករា ហើយក្រុមអ្នករិះគន់បានអំពាវនាវឱ្យមានការផ្អាកជុំវិញការព្រួយបារម្ភពីបញ្ហាអនាម័យ។

ប្រធានអាជ្ញធរស្រុក Gunungkidul លោកស្រី Endah Subekti Kuntariningsih បាននិយាយថា សិស្សជាង៦៦០នាក់មកពីសាលារៀនចំនួនពីរនៅកោះជ្វាភាគកណ្តាលបានរាយការណ៍ពីរោគសញ្ញានៃការពុលអាហារ។ លោកស្រី Endah បាននិយាយនៅលើបណ្តាញ Instagram ថា គ្រូបង្រៀនចំនួន១០នាក់មកពីសាលារៀនមួយក៏រងផលប៉ះពាល់នៃការពុលអាហារនេះផងដែរ។
លោកស្រីនិយាយថា នាយកសាលានៅតាមសាលារៀនជាច្រើនកន្លែងដែលបានទទួលអាហារពីផ្ទះបាយដូចគ្នាសម្រាប់សាលារៀនគួរតែតាមដានសិស្សរបស់ខ្លួន ហើយនាយកសាលា គួរតែប្រាប់សិស្សឱ្យសម្របសម្រួលជាមួយមណ្ឌលសុខភាពសហគមន៍ ប្រសិនបើមានរោគសញ្ញាណាមួយ។

ប្រធានទីភ្នាក់ងារសុខភាពតំបន់ បានប្រាប់អ្នកសារព័ត៌មានថា សិស្សភាគច្រើនក្នុងចំណោមសិស្សទាំងអស់ដែលធ្លាក់ខ្លួនឈឺបានជួបប្រទះការរាគរូស ដំណើរចង់ក្អួតចង្អោរ និងវិលមុខ បន្ទាប់ពីពួកគេទទួលទានអាហារដែលត្រូវបានរៀបចំនៅសាលារៀន។ លោកនិយាយថា យ៉ាងហោចណាស់មនុស្ស៦៤ នាក់បានទទួលការព្យាបាលនៅគ្លីនិកសុខភាព និងមន្ទីរពេទ្យ។