បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin's លោក Kirill Dmitriev បានប្រាប់សន្និសីទវិនិយោគមួយក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតថា សង្រ្គាមនៅអ៊ុយក្រែន នឹងបញ្ឈប់ក្នុងរយៈពេលមួយឆ្នាំចាប់ពីពេលនេះតទៅ។

ការថ្លែងបែបនេះរបស់លោក Dmitriev បានកើតមានឡើង បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយក្រុមមន្ត្រីមកពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុន។ ដំណើរទស្សនកិច្ចរបស់លោកបានធ្វើឡើងបន្ទាប់ពីមានការប្រកាសថា ជំនួបកំពូលរវាងលោក Trump និងលោក Putin ត្រូវបានពន្យារពេល។
លោក Dmitriev ដែលជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីបានប្រាប់ទស្សនិកជននៅរដ្ឋធានី Riyadh របស់អារ៉ាប៊ីសាអ៊ូឌីតថា ពួកលោកប្រាកដថាពួកលោកស្ថិតនៅលើផ្លូវទៅកាន់សន្តិភាព ហើយក្នុងនាមជាអ្នកបង្កើតសន្តិភាព ពួកលោកត្រូវធ្វើឱ្យកើតឡើង ។
នៅពេលសួរថាតើសន្តិភាពនៅអ៊ុយក្រែនអាចទៅរួចទេក្នុងរយៈពេលមួយឆ្នាំ លោក Dmitriev បាននិយាយថា រូបលោកជឿជាក់ដូច្នេះ ។ ខណៈនៅសហរដ្ឋអាមេរិក លោក Dmitriev បាននិយាយថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ជិតដល់ដំណោះស្រាយការទូតលើសង្រ្គាមនេះហើយ។
លោកថាបច្ចុប្បន្ននេះមនុស្សកំពុងផ្ដោតលើជម្លោះក្នុងតំបន់ដែលមានជាមួយរុស្ស៊ី តែពួកលោកមិនចង់ឲ្យជម្លោះនេះរីករាលដាលកាន់តែធំទៀតទេ ហើយអ្វីដែលពួកលោកត្រូវធ្វើឲ្យបានកាន់តែល្អជាងអ្វីដែលពួកលោកកំពុងធ្វើពេលនេះ គឺទប់កុំឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរជាងនេះទៀត៕

