ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើមកិច្ចប្រជុំដ៏សំខាន់ជាមួយមេដឹកនាំចិន លោក Xi Jinping នៅមូលដ្ឋានទ័ពអាកាសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍ (៣០ តុលា) នេះ ដោយបង្ហាញសុទិដ្ឋិនិយមខ្លាំងចំពោះការសម្រេចបាននូវកិច្ចព្រមព្រៀងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។

កិច្ចពិភាក្សានៅទីក្រុងកំពង់ផែប៊ូសាន ដែលជាជំនួបទល់មុខគ្នាលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីឆ្នាំ២០១៩មក គឺជាជើងចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក Trump ជុំវិញទ្វីបអាស៊ី ជាទីដែលលោកបានបង្ហាញវឌ្ឃនភាពផ្នែកពាណិជ្ជកម្មជាច្រើន ជាមួយកូរ៉េខាងត្បូង ជប៉ុន និងប្រជាជាតិអាស៊ីអាគ្នេយ៍។
នៅពេលចាប់ដៃគ្នាជាមួយលោក Xi លោក Trump បាននិយាយថា "លោកទាំងពីរនឹងមានកិច្ចប្រជុំដ៏ជោគជ័យមួយដោយគ្មានការសង្ស័យនោះទេ ហើយលោក Xi គឺជាអ្នកចរចាប្រកាន់ជំហរតឹងមួយរូប" ដោយបន្ថែមប្រាប់អ្នកយកព័ត៌មានថា មេដឹកនាំទាំងពីរអាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃព្រហស្បតិ៍នេះ។
នៅពេលអង្គុយចុះជាមួយគណៈប្រតិភូទាំងពីរដើម្បីចាប់ផ្តើមកិច្ចពិភាក្សា លោក Xi បានប្រាប់លោក Trump តាមរយៈអ្នកបកប្រែថា "នេះជារឿងធម្មតាទេសម្រាប់ប្រទេសសេដ្ឋកិច្ចឈានមុខគេទាំងពីរ ដែលមានភាពរកាំរកូសនឹងគ្នាបែបនេះ"៕


