ហែលទឹក៖ វគ្គបណ្ដុះបណ្ដាលគណៈកម្មការបច្ចេកទេស និងមន្ត្រីដឹកនាំការប្រកួតកីឡាហែលទឹកថ្នាក់ជាតិឆ្នាំ២០២១ បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីដំណើរការសិក្សារយៈពេល ៣ថ្ងៃនៅមជ្ឈមណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈមានសិក្ខាកាមរហូតដល់ ៩០% បានទទួលនិទ្ទេសល្អក្នុងវគ្គបណ្ដុះបណ្ដាលនេះ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួម ៣០នាក់មកខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកណ្តាល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីពហុកីឡដ្ឋានជាតិមរតកតេជោ មន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹក ដែលរៀបចំដោយសហព័ន្ធក្រោមគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវនជ និងកីឡា។ វគ្គនេះធ្វើឡើងក្នុងគោលបំណងចង់ពង្រឹងសមត្ថភាព ចំណេះដឹងរបស់មន្ត្រីគណៈកម្មការទាំងអស់របស់សហព័ន្ធ ជាមួយនឹងលោកគ្រូឧទ្ទេសដែលមានបទពិសោធន៍ និងជាមន្ត្រីគណៈកម្មការបច្ចេកទេសអន្តរជាតិទទួលស្គាល់ដោយ FINA ដើម្បីចែករម្លែកបង្ហាត់បង្រៀននូវបច្ចេកទេស ក៏ដូចជាបទបញ្ជាថ្មីៗបានកែប្រែជារៀងរាល់ឆ្នាំ ជូនទៅដល់សិក្ខាកាមឲ្យបានសិក្សាស្វែងយល់ និងយកទៅអនុវត្តផ្ទាល់ ដើម្បីត្រៀមខ្លួនចូលរួមដឹកនាំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។
លោកបន្ដថា ក្រោយឆ្លងកាត់ការសិក្សារយៈពេល ៣ថ្ងៃក្នុងចំណោមសិក្ខាកាមចូលរួម ៣០នាក់គឺមានអ្នកទទួលបាននិទ្ទេសល្អរហូតដល់ ៩០% និងនិទ្ទេសល្អបង្គួរ ១០% ដែលនេះសបញ្ជាក់ឲ្យឃើញថា សិក្ខាកាមដែលជាគណៈកម្មការបច្ចេកទេស និងមន្ត្រីដឹកនាំការប្រកួតមានការយកចិត្តទុកដាក់ក្នុងការសិក្សា។ វគ្គនេះបង្រៀនដោយលោក នាង សូរិទ្ធិយ៉ា ជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិធ្លាប់ចូលរួមធ្វើអាជ្ញាកណ្តាល និងចៅក្រមការប្រកួតកីឡា SEA GAMES ២០១៩ រូបលោកក៏ជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិផងដែរ៕
អត្ថបទ៖ លី ឈុនឡា