ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់ប្រធានាធិបតីអាមេរិក Donald Trump ថាក្រុមអ្នកចរចាពាណិជ្ជកម្មមកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ បានឈានដល់ការឯកភាពជាមូលដ្ឋានលើកិច្ចព្រមព្រៀងមួយ ខណៈមេដឹកនាំទាំងពីរបានអង្គុយទល់មុខគ្នាក្នុងជំនួបនៅទីក្រុង Busan របស់កូរ៉េខាងត្បូង។

ខណៈលោកTrump បានជួបសមភាគីចិនរបស់លោក លោកបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន អាចត្រូវបានចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍នេះ ។

លោក Trump បាននិយាយថា លោកគិតថា ពួកយើងបានយល់ព្រមលើរឿងជាច្រើនរួចហើយ ហើយនឹងយល់ព្រមបន្ថែមទៀតនាពេលនេះ។ លោកបានហៅលោក Xi ថាជា អ្នកចរចាដ៏ស្វិតស្វាញ និងជា មេដឹកនាំដ៏ខ្លាំងពូកែនៃប្រទេសដ៏អស្ចារ្យមួយ។
ប្រធានាធិបតីចិនលោក Xi Jinping បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកសម្រាប់ស្មារតីកិច្ចសហប្រតិបត្តិការថ្មីរវាងចិន និងអាមេរិក ដោយនិយាយថា មហាអំណាចសេដ្ឋកិច្ចទាំងពីរគួរតែចាត់ទុកខ្លួនឯងជាដៃគូ និងជាមិត្ត ដោយបញ្ជាក់ថា ប្រវត្តិសាស្ត្រ និងការពិតបច្ចុប្បន្ន ទាមទារកិច្ចសហប្រតិបត្តិការជាជាងការប្រឈមដាក់គ្នា៕