ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ (៣០ តុលា) នេះ បានបង្ហាញទំនុកចិត្តក្នុងការបង្កើត "ទំនាក់ទំនងដ៏អស្ចារ្យ" ជាមួយលោកប្រធានាធិបតីចិន Xi Jinping ខណៈមេដឹកនាំទាំងពីរបានជួបគ្នានៅកូរ៉េខាងត្បូង ជាលើកដំបូងក្នុងពេល ៦ឆ្នាំ ដែលការប្ដេជ្ញាចិត្តបែបនេះបង្ហាញពីទំនាក់ទំនងការទូតដ៏សំខាន់ ស្របពេលភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

នៅក្នុងកិច្ចប្រជុំនោះ លោក Xi បានលើកឡើងថា “រូបលោកត្រៀមរួចជាស្រេចហើយ ក្នុងការបន្តធ្វើការជាមួយគ្នា ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក និងបង្កើតបរិយាកាសដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសទាំងពីរ"។ លោក Xi បានសរសើរលោក Trump ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឆ្ពោះទៅរកសន្តិភាពពិភពលោក និងស្ថិរភាពក្នុងតំបន់។
ចំណែកលោក Trump ក៏បានលើកសរសើរលោក Xi វិញថាជា "មេដឹកនាំដ៏អស្ចារ្យនៃប្រទេសដ៏អស្ចារ្យ" ហើយបាននិយាយថា លោកគិតថាប្រទេសទាំងពីរ "នឹងមានទំនាក់ទំនងដ៏អស្ចារ្យសម្រាប់រយៈពេលដ៏យូរអង្វែង" ខណៈមេដឹកនាំចិន ឆ្លើយតបថា លោកមាន "សេចក្តីសោមនស្សរីករាយណាស់" ដែលបានជួបលោក Trump បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំ។
ពិភពលោកកំពុងឃ្លាំមើលយ៉ាងដិតដល់ថា តើមេដឹកនាំទាំងពីរអាចរក្សាស្ថិរភាពក្នុងទំនាក់ទំនងចិន-អាមេរិក បានល្អប៉ុនណាក្នុងកិច្ចប្រជុំនៅកូរ៉េខាងត្បូងនេះ ដែលជាទីបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ៣ប្រទេស របស់លោក Trump ទៅកាន់តំបន់អាស៊ី៕

