នៅមុនជំនួបដ៏សំខាន់ជាមួយប្រធានាធិបតីចិន Xi Jinping នៅថ្ងៃព្រហស្បតិ៍ (៣០ តុលា) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានណែនាំក្រសួងការពារជាតិអាមេរិក ឱ្យបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញជាបន្ទាន់ ដោយឈរលើ "មូលដ្ឋានស្មើភាព" ជាមួយមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានសាកល្បងអាវុធនុយក្លេអ៊ែរលើកចុងក្រោយបំផុត នៅឆ្នាំ១៩៩២។

លោក Trump បាននិយាយលើបណ្ដាញសង្គម Truth Social ថា "ដោយសារតែកម្មវិធីសាកល្បងរបស់ប្រទេសផ្សេងៗ រូបលោកបានណែនាំក្រសួងសង្គ្រាម (សំដៅលើមន្ទីរបញ្ចកោណ) ឱ្យចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែររបស់អាមេរិក ដោយឈរលើមូលដ្ឋានស្មើគ្នា។ ដំណើរការនោះនឹងចាប់ផ្តើមភ្លាមៗ"។ លោក Trump កត់សម្គាល់ថា "រុស្ស៊ីឈរនៅលំដាប់ទី២ ហើយចិនគឺជាប្រទេសទី៣ នៅរាងឆ្ងាយបន្តិចមែន ប៉ុន្តែនឹងឈរក្នុងកម្រិតស្មើគ្នារយៈពេល ៥ឆ្នាំខាងមុខ"។
ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីបានសាកល្បងដោយជោគជ័យនូវមីស៊ីលថាមពលនុយក្លេអ៊ែរ Poseidon ដែលអ្នកវិភាគយោធានិយាយថា មានសមត្ថភាពបំផ្លិចបំផ្លាញខ្លាំងតាមតំបន់ឆ្នេរ ដោយបង្កឱ្យមានរលកវិទ្យុសកម្មដ៏ធំនៃមហាសមុទ្រ។
ខណៈលោក Trump បានបង្កើនទាំងវោហាសាស្ត្រ និងជំហរតឹងតែងទល់នឹងរុស្ស៊ី លោក Putin បានបញ្ចេញសាច់ដុំនុយក្លេអ៊ែរជាសាធារណៈ ជាមួយនឹងការសាកល្បងមីស៊ីល Burevestnik ថ្មីនៅថ្ងៃទី២១ ខែតុលា និងសមយុទ្ធបាញ់បង្ហោះនុយក្លេអ៊ែរនៅថ្ងៃទី២២ ខែតុលា កន្លងទៅ៕

