យោធារបស់ប្រទេសអ៊ីស្រាអែល បានអនុវត្តការវាយប្រហារដ៏បង្ហូរឈាមមួយផ្សេងទៀតនៅភាគខាងជើងតំបន់ហ្កាហ្សា ទោះបីអះអាងថានឹងបន្តបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ ដែលបានធ្វើឲ្យរង្គោះរង្គើររួចទៅហើយពីរលកនៃការទម្លាក់គ្រាប់បែក។

យោងតាមមន្ត្រីមន្ទីរពេទ្យ al-Shifa បានឱ្យដឹងថា ការវាយប្រហារតាមអាកាសចុងក្រោយរបស់អ៊ីស្រាអែលកាលពីល្ងាចថ្ងៃពុធបានកើតឡើងនៅក្នុងក្រុង Beit Lahiya តំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សច្រើននាក់។ អ៊ីស្រាអែលបានអះអាងថា ខ្លួនបានកំណត់គោលដៅលើទីតាំងរក្សាទុកសព្វាវុធដែលបង្ក «ការគំរាមកំហែងភ្លាមៗ» ដល់កងទ័ពរបស់ខ្លួន។

បន្ទាប់ពីសេចក្តីរាយការណ៍ពីការសម្លាប់ទាហានអ៊ីស្រាអែលម្នាក់នៅទីក្រុងRafah ភាគខាងត្បូងតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឱ្យធ្វើការវាយប្រហារសងសឹកនៅតំបន់ហ្កាហ្សាដ៏ខ្លាំងក្លា។
អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា ការវាយប្រហារបានបណ្តាលឲ្យមនុស្ស១០៤នាក់ស្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ អ៊ីស្រាអែលបានអះអាងថា ការវាយប្រហាររបស់ខ្លួនបានកំណត់គោលដៅលើអ្នកប្រយុទ្ធរបស់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ហើយក្រោយមកបាននិយាយថា ខ្លួននឹងចាប់ផ្តើមអនុវត្តបទឈប់បាញ់ម្តងទៀតកាលពីរសៀលថ្ងៃពុធ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទទូចថា បទឈប់បាញ់ «មិនស្ថិតក្នុងហានិភ័យទេ» ទោះបីជាមានការវាយប្រហារចុងក្រោយនេះក៏ដោយ។