ក្រុមអ្នកវិភាគយោធា និងប្រភពបើកចំហ បាននិយាយកាលពីថ្ងៃពុធ (២៩ តុលា) ថា កងកម្លាំងអ៊ុយក្រែន កំពុងជួបការលំបាកដើម្បីទប់ទល់នឹងការវាយរុលរបស់រុស្ស៊ីកាន់តែក្លាខ្លាំងឡើង លើទីក្រុងយុទ្ធសាស្រ្ត Pokrovsk ដ៏សំខាន់នៅភាគខាងកើត។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងទ័ពទីក្រុងមូស្គូ បានខិតខំវាយសម្រុកទៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយនេះ បន្ទាប់ពីការក្រាញននៀលរុលទៅមុខអស់ជាងមួយឆ្នាំ ក្នុងអ្វីដែលទីក្រុងគីវ និយាយថា ប្រតិបត្តិការនេះបានមកជាមួយនឹងការបង់ខាតកម្លាំងមនុស្សដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់រុស្ស៊ី។

ក្នុងសេចក្តីថ្លែងការណ៍មួយ កងអង្គភាពទី៧ របស់អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ី ដាក់ពង្រាយទាហានប្រហែល ១១.០០០នាក់ ក្នុងការប៉ុនប៉ងឡោមព័ទ្ធតំបន់ Pokrovsk ដ៏ទូលំទូលាយ។ សេចក្តីថ្លែងការណ៍បន្តថា ក្រុមខ្មាំងសត្រូវ (សំដៅដល់រុស្ស៊ី) ដែលបានជ្រៀតចូលក្រុងនេះរួចទៅហើយ កំពុងព្យាយាមរុញច្រានទៅភាគខាងជើ ងនិងភាគពាយព្យបន្ថែមទៀត។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយក្នុងសុន្ទរកថាវីដេអូពេលយប់របស់លោកថា ស្ថានភាពនៅជុំវិញ Pokrovsk គឺ "លំបាកបំផុត" ទូទាំងខ្សែបន្ទាត់ជួរមុខ ១.២៥០គីឡូម៉ែត្រ។ លោកបន្តថា ទោះយ៉ាងនេះក្ដី កងកម្លាំងគីវ "នៅតែមានការគ្រប់គ្រងភាគច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកំពុងបន្តការពារជំហរ និងទីតាំងឈរជើងរបស់ខ្លួន"។

នៅថ្ងៃពុធផងដែរ ក្រុមប្រភពបើកចំហរបស់អ៊ុយក្រែន DeepState បាននិយាយថា រុស្ស៊ីអាចបំបែកផ្លូវដឹកជញ្ជូនយោធាទៅកាន់ទីក្រុង Myrnohrad ដែលនៅជិតខាង តាមរយៈការវាយឆ្មក់ដោយថ្មើរជើង និងការវាយប្រហារយានដ្រូន។ អ្នកវិភាគព្រមានថា អ៊ុយក្រែននឹងត្រូវពង្រាយកម្លាំងកម្រិតកងពលតូច ជាជាងអង្គភាពតូចៗ ដើម្បីទប់ស្កាត់ការជ្រៀតចូលរបស់រុស្ស៊ីបន្ថែមទៀតនៅក្រុង Pokrovsk ។
គួរឱ្យដឹងថា ការយកក្រុង Pokrovsk បាន ក៏ដូចជាក្រុង Kostiantynivka នៅភាគឦសានរបស់ក្រុងនេះ នឹងផ្តល់ឱ្យទីក្រុងមូស្គូ នូវទីតាំងមួយដើម្បីវាយរុញឆ្ពោះទៅយកទីក្រុងដ៏ធំបំផុតចំនួនពីរ គ្រប់គ្រងដោយអ៊ុយក្រែន ដែលនៅសេសសល់ក្នុងតំបន់ Donetsk ទាំងមូល៕