ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាកចេញពីកូរ៉េខាងត្បូងហើយ នៅថ្ងៃព្រហស្បតិ៍ (៣០ តុលា) នេះ ដោយបិទបញ្ចប់ដំណើរទស្សនកិច្ចអាស៊ីរបស់លោក ក្រោយពីកិច្ចពិភាក្សាដ៏សំខាន់ជាមួយមេដឹកនាំចិន លោក Xi Jinping ប៉ុន្តែមកទល់ពេលនេះ ពុំទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ត្រូវបានប្រកាសពេញលេញ និងជាផ្លូវការនៅឡើយទេ ដោយគ្រាន់តែបង្ហើបថា អាមេរិកអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន “ក្នុងពេលឆាប់ៗ”។

ថ្លែងប្រាប់អ្នកសារព័ត៌មានលើយន្តហោះ Air Force One ក្នុងដំណើរត្រឡប់ទៅវិញបន្ទាប់ពីជំនួប -- លោក Trump បាននិយាយថា “នោះជាកិច្ចប្រជុំដ៏អស្ចារ្យមួយ លោក Xi គឺជាថ្នាក់ដឹកនាំដ៏អស្ចារ្យ ហើយអាមេរិក-ចិន បានឈានដល់ការសន្និដ្ឋានរួមលើចំណុចសំខាន់ៗជាច្រើន ប៉ុន្តែនឹងបញ្ចេញឱ្យដឹងក្នុងពេលបន្តិចទៀត”។
លោក Trump និយាយទៀតថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងមានការព្រមព្រៀងគ្នាលើរឿងជាច្រើន ហើយសហរដ្ឋអាមេរិក បានសម្រេចកាត់បន្ថយពន្ធលើលំហូរនៃតុផ្សំគីមីសម្រាប់ហ្វង់តានីល ពីអត្រា ២០% ចុះទៅ ១០% ដោយចូលជាធរមានភ្លាមៗ។
លោក Trump បានកត់សម្គាល់ថា ចិន ដូចដែលបានប្រកាសមុននេះ ក៏នឹងចាប់ផ្តើមទិញសណ្តែកសៀងអាមេរិក ក្នុងបរិមាណដ៏ច្រើន។ លោកបន្ថែមថា បញ្ហាទាក់ទងនឹងការជួញដូររ៉ែកម្រ ត្រូវដោះស្រាយរួចរាល់ហើយ ហើយអាមេរិកអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន “ឆាប់ៗនេះ” ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតឡើយ៕


