មហាសន្និបាតអង្គការសហប្រជាជាតិ បានអំពាវនាវយ៉ាងលើសលប់ឱ្យបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសគុយបាសម្រាប់រយៈពេល៣៣ឆ្នាំមកនេះ ទោះបីជាមានការបញ្ចុះបញ្ចូលដោយទីក្រុងវ៉ាស៊ីនតោន ដែលបានដាក់បញ្ចូលរួមទាំងការចោទប្រកាន់បន្ថែមដែលថាជនជាតិគុយបារហូតដល់ ៥.០០០ នាក់កំពុងរួមប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែនក៏ដោយ។

មហាសន្និបាតបានអនុម័តសេចក្តីសម្រេចមួយមានសំឡេងបោះឆ្នោតគាំទ្រចំនួន១៦៥សំឡេង ៧សំឡេងប្រឆាំង និង១២សំឡេងអនុប្បវាទ។ មិនដូចកាលពីឆ្នាំមុនៗទេ សហរដ្ឋអាមេរិកបានបញ្ចុះបញ្ចូលប្រទេសអាហ្សង់ទីន ហុងគ្រី ម៉ាសេដូនខាងជើង ប៉ារ៉ាហ្គាយ និងអ៊ុយក្រែន ឱ្យចូលរួមជាមួយខ្លួននិងអ៊ីស្រាអែលក្នុងការបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនេះ។
កាលពីឆ្នាំមុន មហាសន្និបាត បានអនុម័តសេចក្តីសម្រេចដោយមានប្រទេសចំនួន ១៨៧ បានបោះឆ្នោតគាំទ្រ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាប្រទេសដែលបានបោះឆ្នោតប្រឆាំង ។
ប្រទេសគុយបា បានច្រានចោលថាជាការអះអាងរបស់សហរដ្ឋអាមេរិកគ្មានមូលដ្ឋាននិងបានបញ្ចេញព័ត៌មានអំពីដំណើរការផ្លូវច្បាប់ប្រឆាំងប្រទេសគុយបាចំពោះសកម្មភាពទាហានស៊ីឈ្នួលនៅអ៊ុយក្រែន។ គុយបា ដែលគ្រប់គ្រងដោយកុម្មុយនិស្ត បានចូលរួមជាមួយភាគីរុស្ស៊ីដោយបើកចំហដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងជម្លោះនេះ ខណៈអំពាវនាវឱ្យមានការចរចាសន្តិភាព ផងដែរ។
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានប្រាប់សភាមុនការបោះឆ្នោតថា «ការរារាំងនេះគឺជាគោលនយោបាយនៃការដាក់ទណ្ឌកម្មរួម» ដែល «វាបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ រំលោភសិទ្ធិមនុស្សនៅប្រទេសគុយបា។

