ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣០ តុលា) នេះថា លោកបានយល់ព្រមកាត់បន្ថយពន្ធលើប្រទេសចិន មកត្រឹម ៤៧% ពីអត្រា ៥៧% ពីមុន ជាថ្នូរនឹងការដែលទីក្រុងប៉េកាំង បន្តទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិកឡើងវិញ និងរក្សាលំហូរនាំចេញរ៉ែកម្រ ព្រមទាំងបង្ក្រាបការជួញដូរខុសច្បាប់នៃសារធាតុញៀនហ្វង់តានីល។

សុន្ទរកថារបស់លោក ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាទល់មុខគ្នាជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៊ូសាន របស់កូរ៉េខាងត្បូង ដែលជាលើកទីមួយហើយគិតចាប់តាំងពីឆ្នាំ២០១៩ មក ហើយក៏ជាការបិទបញ្ចប់ដំណើរទស្សនកិច្ចអាស៊ីរបស់លោក Trump។
លោក Trump បានប្រាប់អ្នកយកព័ត៌មានលើយន្តហោះ AirForce One ភ្លាមៗបន្ទាប់ពីចាកចេញពីទីក្រុងប៊ូសានថា "នេះជាកិច្ចប្រជុំដ៏ល្អ និងជោគជ័យមួយ" ដោយបន្ថែមថា ពន្ធដែលដាក់លើការនាំចូលរបស់ចិន នឹងត្រូវបន្ថយមកត្រឹម ៤៧% ពីអត្រា ៥៧% ពីមុន។ លោកបន្តថា ចិនបានយល់ព្រមលើកិច្ចព្រមព្រៀងនាំចេញរ៉េកម្ររយៈពេល ១ឆ្នាំ។
កិច្ចប្រជុំដែលពិភពលោកតាមដានយ៉ាងដិតដល់នេះ បានធ្វើឡើងនៅក្រៅជំនួបកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ហើយមានរយៈពេលជិត ២ម៉ោង៕

