ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣០ តុលា) នេះថា លោករវល់ខ្លាំងពេកពេលទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដូច្នេះទើបមិនបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នោះទេ ប៉ុន្តែលោកអាចនឹងត្រលប់ទៅវិញដើម្បីបើកជំនួបកំពូលមួយ។

លោក Trump បានលើកឡើងពីលទ្ធភាពនេះ ទៅកាន់អ្នកសារព័ត៌មានលើយន្តហោះ Air Force One បន្ទាប់ពីចាកចេញពីទីក្រុងប៊ូសាន ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ក្រោយបិទបញ្ចប់ទស្សនកិច្ចអាស៊ី។
ដំណើរទៅកាន់កូរ៉េខាងត្បូងនេះ បានជំរុញឱ្យមានការរំពឹងទុកយ៉ាងខ្លាំងនៃកិច្ចប្រជុំដែលអាចកើតមាន រវាងលោក Trump ជាមួយលោក Kim នៅក្នុងអ្វីដែលនឹងក្លាយជាកិច្ចប្រជុំទល់មុខគ្នាលើកទី៤ របស់មេដឹកនាំទាំងពីរ ដើម្បីពិភាក្សាពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

នៅឯកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung កាលពីថ្ងៃពុធ លោក Trump បាននិយាយថា រូបលោក និងលោក Kim "ចុះសម្រុងគ្នាល្អណាស់" ប៉ុន្តែ "ពេលវេលាពិតជាមិនអាចកំណត់បានទេ" ដោយសំដៅលើជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង។ លោក Trump តែងតែបង្ហាញបំណងក្នុងការជួបលោក Kim ប៉ុន្តែរហូតមកទល់ពេលនេះ កូរ៉េខាងជើងបានរក្សាភាពស្ងប់ស្ងាត់ ហើយមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ធ្លាប់និយាយហើយថា ពុំមានការត្រៀមរៀបចំជាក់ស្តែងណាមួយកំពុងដំណើរការនោះទេ៕