ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា Fed បានសម្រេចចិត្តបន្ទាបអត្រាការប្រាក់កម្ចីរបស់ខ្លួនដោយអត្រា ០,២៥% នៅថ្ងៃពុធ (២៩ តុលា) មកនៅចន្លោះពី ៣,៧៥% ទៅ ៤% ដែលជាអត្រាទាបបំផុតក្នុងរយៈពេល ៣ឆ្នាំ នៅចុងបញ្ចប់នៃកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃរបស់ខ្លួន ដែលជាការកាត់បន្ថយអត្រាលើកទីពីរហើយនៅឆ្នាំ២០២៥នេះ។

មុនពេលសេចក្ដីប្រកាសនេះ ទីផ្សារសកលរំពឹងយ៉ាងទូលំទូលាយថានឹងមានការថយចុះមួយផ្សេងទៀតនៅក្នុងខែធ្នូ។ ប៉ុន្តែទេសាភិបាលធនាគារកណ្តាល Fed លោក Jerome Powell បានទម្លាក់ការរំពឹងទុកនេះ ដោយនិយាយថា "ការកាត់បន្ថយអត្រាគោលបន្ថែមទៀតក្នុងកិច្ចប្រជុំខែធ្នូ មិនអាចសន្និដ្ឋានទុកជាមុនបានទេ"។
ក្រោយអត្រាការប្រាក់ថ្មីត្រូវបានប្រកាស ភាគហ៊ុនសហរដ្ឋអាមេរិក ឆ្លើយតបយ៉ាងចម្រុះ ដោយសន្ទស្សន៍របស់ S&P 500 បានបិទក្នុងអត្រាទាបបន្តិច ខណៈវិស័យអចលនទ្រព្យ និងសេវាអ្នកប្រើប្រាស់ នាំមុខគេដោយការបាត់បង់ ២,៦៦% និង ២% រៀងគ្នា ចំណែកបច្ចេកវិទ្យា និងសេវាកម្មទំនាក់ទំនង បានដំណើរការល្អ ដោយកើនបានជាង ១% ដូចគ្នា។
ការកាត់បន្ថយអត្រាការប្រាក់ចុងក្រោយបំផុតនេះបានទាក់ទាញការមិនពេញចិត្តពីអភិបាល Fed ពីររូបផ្សេងទៀត។ ទោះយ៉ាងនេះក៏ដោយ លោក Powell នៅតែហៅការបោះឆ្នោត ១០ ទល់នឹង២ លើអត្រាការប្រាក់នេះ ថាជាការអនុម័ត "យ៉ាងរឹងមាំ" នៃគោលនយោបាយបន្ធូរបន្ថយ ដើម្បីជួយគាំទ្រដល់ទីផ្សារការងារដ៏ត្រជាក់ស្រេបរបស់សហរដ្ឋអាមេរិក៕

