វិទ្យុអាស៊ីសេរី (RFA) ដែលត្រូវបានបង្កើតឡើងជិត ៣ទសវត្សរ៍មុន ដើម្បីរាយការណ៍ប្រទេស នៅតំបន់អាស៊ី កាលពីថ្ងៃពុធ (ទី២៩ ខែតុលា) បានឲ្យដឹងថា ខ្លួននឹងបញ្ឈប់ការផលិតកម្មវិធីផ្សាយ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក លែងផ្តល់មូលនិធិ។
ប្រព័ន្ធផ្សព្វផ្សាយនេះបានបញ្ឈប់ ឬឲ្យសម្រាករួចហើយ សម្រាប់បុគ្គលិកជាង ៩០ភាគរយ ហើយបានកាត់បន្ថយការផលិតកម្មវិធីផ្សាយយ៉ាងច្រើន ចាប់តាំងពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីខែមីនា បានកាត់មូលនិធិភាគច្រើន ដែលផ្ដល់ដល់ប្រព័ន្ធផ្សព្វផ្សាយដោយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។
ការបិទវិទ្យុអាស៊ីសេរី បានកើតឡើងស្របពេលដែលលោក Trump ជួបជាមួយលោកប្រធានាធិបតីចិន លោក Xi Jinping ក្នុងដំណើរទស្សនកិច្ច នៅតំបន់អាស៊ី និងស្វែងរកទំនាក់ទំនងកាន់តែប្រសើររវាងប្រទេសទាំង២។ ការកាត់បន្ថយមួយចំនួនរបស់លោក Trump ត្រូវបានតវ៉ាដោយជោគជ័យ នៅតុលាការ ប៉ុន្តែ RFA បានប្រឈមនឹងការផ្អាកថ្មី ដោយសារបញ្ហាផ្តល់មូលនិធិ ព្រោះការបិទរដ្ឋាភិបាលសហព័ន្ធមានរយៈពេលជិតមួយខែហើយ។

RFA បានបញ្ជាក់ថា ខ្លួននឹងគ្មានជម្រើសអ្វីក្រៅពីការបញ្ឈប់ការផលិតព័ត៌មានទាំងអស់ ដែលមានប្រសិទ្ធភាពចចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ជាលើកទី១ ដែលប្រព័ន្ធផ្សព្វផ្សាយមួយនេះ បានធ្វើដូច្នេះចាប់តាំងពីបានចាក់ផ្សាយក្នុងឆ្នាំ១៩៩៦។
វិទ្យុអឺរ៉ុបសេរី Radio Free Europe/Radio Liberty ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ ដើម្បីផ្សាយព័ត៌មានទៅក្នុងបណ្ដាប្រទេសប្លុកសូវៀត និងជំរុញឲ្យ RFA លេចរូបរាងឡើង បានបន្តដំណើរការដោយផ្នែកដោយសារមានការសន្យាគាំទ្រពីសំណាក់រដ្ឋាភិបាលអឺរ៉ុបដែលដឹកនាំដោយសាធារណរដ្ឋឆេក។
ចំណែកវិទ្យុសំឡេងសហរដ្ឋអាមេរិក Voice of America ដែលខុសពីវិទ្យុខាងលើ ជាផ្នែកផ្ទាល់របស់រដ្ឋាភិបាលអាមេរិក បានបញ្ឈប់ដំណើរការភ្លាមៗ កាលពីខែមីនា បន្ទាប់ពីលោក Trump កាត់បន្ថយមូលនិធិ ដោយគេហទំព័រជាភាសាអង់គ្លេសរបស់ខ្លួន នៅតែបង្ហាញព័ត៌មានធំៗ អំពីសមាជិកសភាអាមេរិកដែលប្រឆាំងនឹងការបិទរដ្ឋាភិបាល៕

