លោក Trump បានប្រកាសថាលោក និងលោក Xi បាន «ដោះស្រាយ» បញ្ហារ៉ែកម្រនៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ ដោយមេដឹកនាំចិនបានព្រមព្រៀងរក្សាការនាំចេញរ៉ែទៅកាន់ពិភពលោក។
ពុំមានព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ហើយភាគីចិនក៏មិនទាន់បានធ្វើការអត្ថាធិប្បាយណាមួយលើប្រធានបទនេះដែរ។ អ្នកសារព័ត៌មាន Al Jazeera រាយការណ៍ពីទីក្រុងប៉េកាំងថា នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានបញ្ជាក់ វាអាចជា «ជ័យជម្នះដ៏ធំធេងសម្រាប់ លោក Trump»។

អ្នកសារព័ត៌មានរូបនេះនិយាយថា «រ៉ែកម្រមានសារៈសំខាន់សម្រាប់ការផលិតរបស់គ្រប់យ៉ាងមានចាប់ពីទូរស័ព្ទទំនើប រហូតដល់សព្វាវុធការពារជាតិសម្រាប់យោធា យន្តហោះចម្បាំង និងរថក្រោះ។ «នេះគឺជាបញ្ហាសន្តិសុខជាតិសម្រាប់លោកTrump ហើយបញ្ហាមួយសម្រាប់ លោក Trump គឺថាប្រទេសចិនបានគ្របដណ្តប់លើឧស្សាហកម្មនេះ» ។
សារព័ត៌មាននេះនិយាយថា ប្រទេសចិនផលិតបានជាង៩០ភាគរយនៃរ៉ែកម្រកែច្នៃ និងមេដែករ៉ែកម្ររបស់ពិភពលោក ហើយទោះបីជាកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ក៏ដោយ ក៏ត្រូវបានគេជឿថា ប្រទេសចិននឹង «បន្តប្រើប្រាស់រ៉ែកម្រជាការដាក់សម្ពាធ និងការចរចាណាមួយដែលខ្លួនមានជាមួយសហរដ្ឋអាមេរិក នៅពេលខាងមុខ»។
