បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធ (ទី២៩ ខែតុលា) ថា ការចូលទៅកាន់ទីផ្សាររបស់រុស្ស៊ី នឹងជួយសង្គ្រោះអឺរ៉ុបឲ្យរួចផុតពី «ការបំផ្លាញអារ្យធម៌»។
លោក Kirill Dmitriev បេសកជនពិសេសរបស់លោក Putin ទទួកបន្ទុកការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បានរិះគន់អ្នកនយោបាយអឺរ៉ុប ដែលមាន «គោលនយោបាយអន្តោប្រវេសន៍មិនអាចគ្រប់គ្រងបានយ៉ាងពិតប្រាកដ» ដែលលោកបានលើកឡើងថា បាននាំទៅដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចមិនបានល្អ។
តែយ៉ាងណាក្ដី លោកបានរំពឹងពីការមានដំណោះស្រាយជាយថាហេតុ ចំពោះជម្លោះនយោបាយជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញសង្គ្រាមអ៊ុយក្រែន។ បន្ទាប់ពីបានជំរុញឲ្យលោក Putin និងរុស្ស៊ី ចូលទៅកាន់តុចរចា ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន លោកប្រធានាធិបតី Donald Trump កាលពីសប្តាហ៍មុន បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់បំផុតជាលើកដំបូងលើវិស័យថាមពលរបស់រុស្ស៊ី បើគិតមកដល់ពេលបច្ចុប្បន្ននេះ។

លោក Dmitriev បាននិយាយថា ទណ្ឌកម្មប៉ះពាល់ដល់តម្លៃប្រេង ដោយអះអាងថា វានឹងនាំឲ្យតម្លៃឧស្ម័នឡើងខ្ពស់ នៅសហរដ្ឋអាមេរិក។ អំឡុងពេលថ្លែងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅឯសន្និសីទគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត (FII) លោកបានបញ្ជាក់ថា មានក្តីសង្ឃឹម «នៅពេលដែលយើងដោះស្រាយបញ្ហានយោបាយជាមួយសហរដ្ឋអាមេរិក»។
លោក Dmitriev បានសង្កត់ធ្ងន់ថា៖ «បណ្ដាក្រុមហ៊ុនអាមេរិក ក៏នឹងវិលត្រលប់មកប្រទេសរុស្ស៊ីវិញដែរ។ បណ្ដាក្រុមហ៊ុនអឺរ៉ុប នឹងដំណើរការបន្ទាប់ពីមានការធ្វើអាជីវកម្មអាមេរិក ហើយយើងនឹងជួយសង្រ្គោះអឺរ៉ុបឲ្យរួចផុតពីការបំផ្លាញអារ្យធម៌ ដោយអនុញ្ញាតឲ្យចូលទៅកាន់ទីផ្សាររុស្ស៊ី»។
ហើយជាមួយគ្នានេះ បេសកជនរុស្ស៊ីរូបនេះក៏បានអះអាងដែរថា រហូតមកដល់ពេលនេះ ទណ្ឌកម្មលើរុស្ស៊ី បានធ្វើឲ្យអាជីវកម្មអាមេរិកខាតបង់ប្រហែល ៣០០ពាន់លានដុល្លារ៕
