បាល់ទាត់៖ ក្រុមជើងឯកអឺរ៉ុប UEFA Champions League តោខៀវ Chelsea បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ហើយក្រោយយកឈ្នះជើងឯកអាស៊ី AFC Champions League, Al Hilal។ ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku គឺជាអ្នកស៊ុតបញ្ចូលទីតែមួយគ្រាប់គត់ឱ្យ Chelsea នៅនាទីទី៣២ យកឈ្នះ Al Hilal នៅកីឡដ្ឋាន Mohamed bin Zayed ទីក្រុង Abu Dhabi អារ៉ាប់រួម។

តោខៀវ Chelsea នៅពេលនេះសំឡឹងរកពាន FIFA Club World Cup លើកដំបូងក្នុងរយៈពេល ១៩ឆ្នាំក្រោមការវិនិយោគរបស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich ពោលគឺជាពានតែមួយគត់ដែល Chelsea មិនទាន់ឈ្នះ។ អ្នកចាត់ការ Chelsea, Thomas Tuchel មិនមានវត្តមានឡើយក្នុងការប្រកួតដោយសារតេស្តវិជ្ជមានកូវីដ-១៩។ ជ័យជំនះមានន័យថា Chelsea នឹងត្រូវជួបជាមួយក្រុមជើងឯកអាមេរិកឡាទីន Copa Libertadores គឺក្លិបប្រេស៊ីល Palmeiras នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃសៅរ៍នេះ។ រំលឹកថា Chelsea ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ចុងក្រោយបំផុតនៅឆ្នាំ២០១២ តែចាញ់ក្លិបប្រេស៊ីល Corinthians នៅវគ្គផ្តាច់ព្រ័ត្រ ១-0 លើទឹកដីជប៉ុន៕
អត្ថបទ៖នាង សុភាវុធ