អ្នកបង្កើតគោលនយោបាយ ស្ថាប័នហិរញ្ញវត្ថុ និងម្ចាស់ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក បាននិងកំពុងស្ថិតក្នុងស្ថានភាពមិនដឹងទិសតំបន់ អស់រយៈពេលជិតមួយខែមក ខណៈដែលការបិទរដ្ឋាភិបាល បានបន្ទច់បង្អាក់ដល់ការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចសហព័ន្ធសំខាន់ៗ រាប់ចាប់ពីទំហំនៃកម្លាំងពលកម្ម រហូតដល់ GDP (ផលិតផលក្នុងស្រុកសរុប) របស់ប្រទេស។
ការមិនមានព័ត៌មាននេះ នឹងកាន់តែអាក្រក់ទៅៗ គិតត្រឹមថ្ងៃទី៣០ ខែតុលានេះ ដោយសារទីក្រុងវ៉ាស៊ីនតោនបានបិទការចេញផ្សាយតួលេខ GDP ដែលវាស់កំណើនសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា។

សហរដ្ឋអាមេរិកបានពន្យាររួចហើយនូវការចេញរបាយការណ៍ ស្តីពីការងារ ពាណិជ្ជកម្ម ការលក់រាយ និងផ្សេងៗទៀត ដោយគ្រាន់តែកោះហៅបុគ្គលិកមួយចំនួនដែលត្រូវបានឲ្យឈប់សម្រាកបណ្ដោះអាសន្ន ឲ្យមករៀបចំតួលេខអតិផរណាសំខាន់ៗដែលចាំបាច់ ដើម្បីឲ្យរដ្ឋាភិបាលគណនាការទូទាត់របបសន្តិសុខសង្គម។
គួរបញ្ជាក់ថា សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នៅតែមិនអាចឈានដល់ការព្រមព្រៀងគ្នាឡើយ ដោយភាគីម្ខាងបានស្តីបន្ទោសគ្នាទៅវិញទៅមក ជុំវិញដំណើរការបិទរដ្ឋាភិបាលនេះ ដោយគ្មានសញ្ញាបញ្ចប់ភ្លាមៗ ហើយជំនួយស្បៀងអាហារ សម្រាប់មនុស្សរាប់លាននាក់ ឥឡូវនេះ កំពុងប្រឈមនឹងហានិភ័យ។
បណ្ដាអ្នកវិភាគ ព្រមានថា ការកើនឡើងនូវការគ្មានព័ត៌មានបែបនេះ អាចបណ្តាលឲ្យក្រុមហ៊ុនកាត់បន្ថយការជួល និងការវិនិយោគ៕
