ចក្រភពអង់គ្លេស កាលពីថ្ងៃពុធ (ទី២៩ ខែតុលា) បានឲ្យដឹងថា ខ្លួនបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ ជាអ្វីដែលទីក្រុងឡុងដ្រ៍បានពិពណ៌នាជាភាពរឹងមាំបំផុត ដែលទីក្រុងហាណូយមិនធ្លាប់បានព្រមព្រៀងជាមួយប្រទេសផ្សេង។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដោយស្ថិតក្រោមសម្ពាធឲ្យកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅអង់គ្លេស ដើម្បីជួយឲ្យរដ្ឋាភិបាលរបស់លោកកុំឲ្យធ្លាក់ចុះប្រជាប្រិយភាព នៅក្នុងការស្ទង់មតិ បានឈានដល់កិច្ចព្រមព្រៀងជាមួយប្រធានបក្សកុម្មុយនីស្តវៀតណាម លោក To Lam នៅទីក្រុងឡុងដ្រ៍។

យោងតាមទិន្នន័យផ្លូវការ បានឲ្យដឹងថា ជនជាតិវៀតណាមមានចំនួនច្រើនបំផុត ក្នុងចំណោមជនអន្តោប្រវេសន៍ដែលទៅដល់ចក្រភពអង់គ្លេសដោយទូកតូចៗពីទ្វីបអឺរ៉ុប ក្នុងរយៈពេលប្រាំ ៦ខែ ពោលគឺដល់ខែមិថុនា ឆ្នាំ២០២៤ ដែលស្មើនឹង ១៧ភាគរយនៃជនអន្តោប្រវេសន៍ទាំងនេះ សម្រាប់រយៈពេលនេះ។
យោងតាមទិន្នន័យចុងក្រោយរបស់រដ្ឋាភិបាល ការទៅដល់តាមទូកតូចៗមានចំនួន ៤៣.០០០នាក់នៃចំនួនសរុបនៃការទៅដល់ដោយខុសច្បាប់ ៤៨.០០០នាក់ ក្នុងឆ្នាំដែលបានបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។
រដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលសម្រេចបានដោយលោក Starmer និងលោក Lam នេះ មានគោលបំណងកាត់បន្ថយច្បាប់ការិយាធិបតេយ្យ និងធ្វើឲ្យកាន់តែលឿន និងងាយស្រួល ក្នុងការបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅវិញ សម្រាប់អ្នកគ្មានសិទ្ធិរស់នៅក្នុងចក្រភពអង់គ្លេស៕

