កាលពីថ្ងៃពុធម្សិលមិញ អង្គការសហប្រជាជាតិ(UN) បានអំពាវនាវដល់ប្រេស៊ីលឲ្យបញ្ចប់វដ្តនៃអំពើឃោឃៅខ្លាំងបំផុតតាមវិធីច្បាប់ទម្លាប់របស់ខ្លួន បន្ទាប់ពីការវាយឆ្មក់របស់នគរបាលនៅទីក្រុង Rio de Janeiro បណ្តាលឲ្យមនុស្សយ៉ាងហោច ១៣២នាក់ស្លាប់ ។
តួលេខអ្នកស្លាប់ជាក់លាក់មានភាពខុសគ្នាតិចតួច ដោយនគរបាលរដ្ឋ Rio បានបញ្ជាក់ពីការស្លាប់ចំនួន ១១៩នាក់មកទល់ពេលនេះ ហើយនគរបាលយោធានិយាយថា មានអ្នកស្លាប់យ៉ាងតិច ១២១នាក់ ចំណែកឯក្រុមការពារសាធារណៈ និងអង្គភាពឃ្លាំមើលរបស់រដ្ឋ និយាយថា ចំនួនអ្នកស្លាប់ឡើងដល់យ៉ាងតិច ១៣២នាក់។

អ្នកស្រុក Penha ក្នុងទីក្រុង Rio បានប្រមូលសាកសពជាង ៧០នាក់ ចេញពីព្រៃជុំវិញនោះពេញមួយយប់ ហើយដាក់ត្រៀបត្រានៅកណ្តាលផ្លូវធំមួយ។
លោក Victor Santos ប្រធានសន្តិសុខរដ្ឋ Rio បានប្រាប់សន្និសីទសារព័ត៌មានមួយថា អំពើហិង្សានេះពុំមានទំនាក់ទំនងអ្វីទៅនឹងព្រឹត្តិការណ៍ពិភពលោកដែលក្រុង Rio នឹងធ្វើជាម្ចាស់ផ្ទះនៅសប្តាហ៍ក្រោយនេះទេ ពោលគឺកិច្ចចរចាអាកាសធាតុ COP30 របស់អង្គការសហប្រជាជាតិ រួមទាំងកិច្ចប្រជុំកំពូលមួយចំនួនទៀត ។
អ្នកស្រី Marta Hurtado គឺជាអ្នកនាំពាក្យសិទ្ធិមនុស្សរបស់ UNនិយាយថា ប្រេស៊ីលត្រូវតែធានាថា ប្រតិបត្តិការពង្រឹងច្បាប់អនុលោមតាមបទដ្ឋានអន្តរជាតិ ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំង ។
អ្នកស្រីបានអំពាវនាវផងដែរឲ្យមានការស៊ើបអង្កេតបន្ទាន់ប្រកបដោយប្រសិទ្ធិភាព និងឯករាជ្យ ចំពោះហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃអង្គារ និងអំពាវនាវឲ្យមានកំណែទម្រង់អនុវត្តច្បាប់ពេញលេញ ។
នគរបាលរដ្ឋ Rioនិយាយថា ការវាយឆ្មក់នេះមានគោលដៅលើក្រុមអន្ធពាលគ្រឿងញៀនសំខាន់ នៅថ្ងៃដែលត្រូវបានគេរៀបផែនការយ៉ាងហ្មត់ចត់អស់រយៈពេលជាង ២ខែមកហើយក្នុងការដឹកជនសង្ស័យទៅកាន់តំបន់ជើងភ្នំមានព្រៃក្រាស់ ជាទីដែលអង្គភាពប្រតិបត្តិការពិសេស ចាំពួនស្ទាក់វាយឆ្មក់ ៕

