រដ្ឋអាជ្ញាក្រុងប៉ារីសអ្នកស្រី Laure Beccuau និយាយនៅថ្ងៃព្រហស្បតិ៍នេះថា នគរបាលបានចាប់ខ្លួនជនសង្ស័យ ៥នាក់បន្ថែមទៀតពាក់ព័ន្ធនឹងចោរលួចរតនសម្បត្តិ្តតម្លៃ ១០២លានដុល្លារ ចេញពីបន្ទប់ Apollo នៃសារមន្ទី Louvre ហើយអ្នកស្រីបានបង្ហាញក្តីសង្ឃឹមថា ការចាប់ខ្លួនចុងក្រោយនេះ នឹងជួយពួកគេរកឃើញរតនសម្បត្តិដ៏មានតម្លៃទំាងនេះ ។
អ្នកស្រី Beccuau និយាយប្រាប់វិទ្យុ RTL ថា ជនសង្ស័យ ដែលជនសង្ស័យម្នាក់ក្នុងចំណោមពួកគេត្រូវបានកំណត់ដានដោយសំណាក DNA នៅកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្ម ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់មានសម្របសម្រួលនៅតាមទីកន្លែងផ្សេងៗពីគ្នា ក្នុងរដ្ឋធានីប៉ារីស កាលពីល្ងាចថ្ងៃពុធ ។

ភ្លាមៗមុនពេលការចាប់ខ្លួនចុងក្រោយត្រូវបានធ្វើឡើង អ្នកស្រី Beccuau ប្រកាសឲ្យដឹងថា ២នាក់ក្នុងចំណោមបុរសដែលត្រូវបានឃាត់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅពាក់ព័ន្ធនឹងចោរកម្មខាងលើ បានសារភាពដោយអន្លើរពីការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងករណីប្លន់នេះ ។ ម្នាក់ក្នុងចំណោមអ្នកទាំង ២ បានព្យាយាមហោះហើរចេញពីប្រទេសបារាំង ពេលដែលត្រូវបានឃាត់ខ្លួន ។
អ្នកស្រី Beccuau និយាយប្រាប់វិទ្យុ RTLទៀតថា ត្រង់ចំណុចនេះ ពួកយើងត្រូវតែពន្លឿនប្រតិបត្តិការចាប់ខ្លួន ។
អ្នកស្រីបន្តថា គ្រឿងអលង្ការនៅបាត់ ប៉ុន្តែអ្នកស្រីបង្ហាញសុទិដ្ឋិនិយមថា អ្នកដែលត្រូវបានចាប់ខ្លួនអាចផ្តល់ព័ត៌មានបន្ថែមទៀតចំពោះហេតុការណ៍ដែលបានកើតឡើង ៕
