អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងបំពេញទស្សនកិច្ចនៅចិននាឆ្នាំក្រោយ បន្ទាប់ពីមានជំនួបរបស់លោកជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅកូរ៉េខាងត្បូង ។ នៅមុននេះ លោក Trumpនិយាយថា លោកនឹងបំពេញទស្សនកិច្ចនៅចិន ក្នុងខែមេសា ឆ្នាំក្រោយ ។
ជំនួបទល់មុខរបស់លោក Trumpជាមួយលោក Xi នៅទីក្រុង Busanរបស់កូរ៉េខាងត្បូង គឺជាជំនួបលើកដំបូងរបស់ពួកគេ ចាប់តាំងពីឆ្នាំ ២០០៩ ។

លោក Trump បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានយល់ព្រមកាត់បន្ថយពន្ធលើប្រទេសចិន មកនៅត្រឹម ៤៧ភាគរយ ពីអត្រា ៥៧ភាគរយ កាលពីមុន ជាថ្នូរនឹងការដែលទីក្រុងប៉េកាំង បន្តទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិកឡើងវិញ និងរក្សាលំហូរនាំចេញរ៉ែកម្រ ព្រមទាំងបង្ក្រាបការជួញដូរខុសច្បាប់នៃសារធាតុញៀនហ្វង់តានីល ។
លោក Trump បានប្រាប់អ្នកយកព័ត៌មានលើយន្តហោះ AirForce One ភ្លាមៗបន្ទាប់ពីចាកចេញពីទីក្រុង Busan ថា នេះជាកិច្ចប្រជុំដ៏ល្អ និងជោគជ័យមួយ ហើយពន្ធដែលដាក់លើការនាំចូលរបស់ចិន នឹងត្រូវបន្ថយមកត្រឹម ៤៧ភាគរយ ពីអត្រា ៥៧ភាគរយកាលពីមុន។ លោកបន្តថា ចិនបានយល់ព្រមលើកិច្ចព្រមព្រៀងនាំចេញរ៉េកម្ររយៈពេល ១ឆ្នាំ ។
ដោយឡែក ចិនបានឯកភាពផ្អាកការគ្រប់គ្រងការនាំចេញដែលបានប្រកាសនៅក្នុងខែនេះលើរ៉ែកម្រ គឺជាសារធាតុដើរតួដ៏ចាំបាច់ក្នុងការផលិតរថយន្ត យន្តហោះ និងអាវុធដែលបានក្លាយជាប្រភពដ៏មានឥទ្ធិពលបំផុតរបស់ទីក្រុងប៉េកាំង នៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ៕
