ការវាយតម្លៃដំបូងរបស់ទីភ្នាក់ងារឧតុនិយម AccuWeather បង្ហាញថា ប្រទេសហ្សាម៉ាអ៊ីក ប្រឈមនឹងការខូចខាត និងការខាតបង់សេដ្ឋកិច្ចសរុបជាប្រាក់ ២២ពាន់លានដុល្លារ ពោលគឺច្រើនជាងផលិតក្នុងស្រុកសរុប(GDP)របស់ខ្លួនដែលមានចំនួនត្រឹម ២០ពាន់លានដុល្លារប៉ុណ្ណោះ
ព្យុះកំណាច Melissa បង្កការបំផ្លិចបំផ្លាញច្រើននៅប្រទេសហ្សាម៉ាអ៊ីក ពេលដែលព្យុះដ៏ខ្លាំងក្លាបំផុតជាប់កំណត់ត្រាពុំធ្លាប់មានពីមុនមួយនេះ បានវាយប្រហារប្រទេសកោះនៅតំបន់ការ៉ាអ៊ីបមួយនេះ ហើយក្រោយមកបន្តដំណើរបោកបក់ឆ្ពោះទៅកាន់តំបន់ភាគខាងកើតប្រទេសគុយបា ។

លោក Jonathan Porter គឺជាមន្រ្តីមកពីទីភ្នាក់ងារ AccuWeather និយាយថា ហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ជាច្រើនទៀតដែលព្យុះមួយនេះគ្រោះថ្នាក់ខ្លាំង និងបង្កផលប៉ះពាល់យ៉ាងច្រើននៅប្រទេសហ្សាម៉ាអ៊ីក ប្រទេសហៃទី ប្រទេសដូមីនី និងគុយបានោះ គឺកម្លាំងបោកបក់ដ៏ខ្លាំងក្លារបស់វា ក្នុងជាព្យុះកម្រិតទី ៥ ដែលមានសន្ទុះខ្យល់បក់រហូតដល់ជិត ៣០០គ.ម ក្នុង ១ម៉ោង ។
លោកបន្តថា ព្យុះកំណាច Melissa គឺជាព្យុះធ្វើដំណើរយឺតជាងគេបំផុត ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ជាហេតុនាំឲ្យមានភ្លៀងធ្លាក់កម្ពស់ចន្លោះពី ៧០សង់ទីម៉ែត្រ ដល់ ៩១សង់ទីម៉ែត្រ ៕
