ស្ថាប័នរដ្ឋាភិបាល ក្នុងតំបន់ បានឲ្យដឹងថា ចាប់តាំងពីសង្រ្គាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស បានចាប់ផ្តើមផ្ទុះឡើង កាលពីជាង ២ឆ្នាំមុន អ៊ីស្រាអែលបានដំឡើងជញ្ជាំងរបងជិត ១.០០០កន្លែង ទាំងនៅក្នុងទីក្រុងតូច និងធំ ក្នុងតំបន់កាន់កាប់ West Bank ដោយរារាំងបន្ថែមទៀតដល់ការធ្វើដំណើរចេញ-ចូលរបស់ប្រជាជនប៉ាឡេស្ទីន និងបង្កជាឧបសគ្គដល់ការរស់នៅប្រចាំថ្ងៃ។
អ្នកស្រុកបានប្រាប់ឲ្យដឹងថា បើទោះបីជាយោធារបស់អ៊ីស្រាអែលបានដាក់ចេញជាយូរយារណាស់មកហើយនូវការធ្វើដំណើរ និងការរឹតបន្តឹងលទ្ធភាពចេញ-ចូល បន្ទាប់ពីបានដណ្តើមគ្រប់គ្រងតំបន់ West Bank ក្នុងអំឡុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ ក៏ចំនួននៃការដំឡើងជញ្ជាំងរបងថ្មីនេះ គឺមិនធ្លាប់មានពីមុនឡើយ។
យោងតាមគណៈកម្មការប្រឆាំងការដំឡើងជញ្ជាំងរបង និងការតាំងទីលំនៅ ដែលជាស្ថាប័នរដ្ឋាភិបាលប៉ាឡេស្ទីនផ្លូវការ បានឲ្យដឹងថា ច្រកទ្វារ របង និងជញ្ជាំងចំនួន ៩១៦កន្លែង ត្រូវបានសាងសង់ឡើងចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាពេលដែលមានការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើអ៊ីស្រាអែល។

ជាមួយគ្នានេះ ការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅទូទាំងតំបន់ West Bank ក៏បានកើនឡើងផងដែរ ដោយជនជាតិប៉ាឡេស្ទីន ត្រូវបានសម្លាប់ ឬចាប់ឃុំខ្លួន។ អ៊ីស្រាអែលផ្ដល់ហេតុផលថា ខ្លួនកំពុងប្រឹងប្រែងកម្ចាត់ក្រុមសកម្មប្រយុទ្ធ។
ក្នុងចំណោមរបងថ្មីនោះ មានទ្វារដែកដែលត្រូវបានដំឡើងនៅច្រកចូលភូមិ និងក្រុងជាច្រើន និងនៅចន្លោះទីក្រុង ដោយបានបិទលទ្ធភាពចូលចេញ។ ពេលខ្លះ យោធាអ៊ីស្រាអែលត្រូវបានដាក់ឲ្យឈរជើងនៅទីនោះ។
ហើយប្រជាជនប៉ាឡេស្ទីន និយាយថា ច្រកទ្វារទាំងនោះ មានម៉ោងបើកមិនទៀងទាត់ ដោយខ្លះត្រូវបានបិទជាច្រើនថ្ងៃ។ ប្រជាជនខ្លះត្រូវសម្រាកនៅលំនៅឋានមិត្តភ័ក្ដិ ឬសាច់ញាតិ ឬដើរទៅកាន់ច្រកទ្វារផ្សេងទៀត៕


