រដ្ឋាភិបាលបន្ទាប់របស់ប្រទេសហូឡង់ មើលទៅទំនងជាមិនរាប់បញ្ចូលក្រុមស្ដាំនិយមជ្រុលទេ ហើយអាចត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីប្រកាសស្រលាញ់ភេទដូចគ្នាយ៉ាងបើកចំហ បន្ទាប់ពីការបោះឆ្នោតដែលគណបក្សប្រឆាំងឥស្លាម គឺបក្សសេរីភាព (PVV) របស់លោក Geert Wilders បានបាត់បង់សំឡេងឆ្នោត ហើយការគាំទ្របានកើនឡើងសម្រាប់ក្រុមកណ្តាលនិយម គឺគណបក្ស D66 (Democrats 66)។
ដោយសន្លឹកឆ្នោតភាគច្រើនត្រូវបានរាប់ សម្រាប់ការបោះឆ្នោត កាលពីថ្ងៃពុធ (ទី២៩ ខែតុលា) គណបក្ស D66 របស់លោក Rob Jetten និងគណបក្ស PVV របស់ Wilders ទទួលបានសំឡេងឆ្នោតស្មើគ្នា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយគណបក្សទាំង ២ ត្រូវបានព្យាករថា នឹងទទួលបាន ២៦កៅអី នៅសភាជាន់ទាបដែលមាន ១៥០អាសនៈ។

កម្រិតនោះគឺជាការធ្លាក់ចុះយ៉ាងខ្លាំង សម្រាប់ក្រុមស្ដាំនិយមជ្រុល បើទោះជាខ្លួនទទួលបានសំឡេងស្មើគ្នាលំដាប់ទី ១ ក៏ដោយ ព្រោះវាជាការបាត់បង់កៅអីជាង ១ភាគ៤ ក្នុងរយៈពេល ២ឆ្នាំ ខណៈដែលបក្ស D66 មានការគាំទ្រកើនឡើង ៣ដង។
ការបោះឆ្នោតរបស់ប្រទេសហូឡង់ ត្រូវបានគេមើលឃើញថា ជាការសាកល្បង អំពីថា តើក្រុមស្ដាំនិយមជ្រុលអាចពង្រីកឥទ្ធិពលរបស់ខ្លួន ឬថា តើបក្សនេះបានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងផ្នែកខ្លះនៃតំបន់អឺរ៉ុបដែរ ឬទេ។
លទ្ធផលនេះមិនត្រឹមតែបង្ហាញថា ការគាំទ្រ ចំពោះគណបក្សនេះ មានកម្រិត ប៉ុន្តែថែមទាំងបញ្ជាក់ថា វាជាផ្នែកមួយដ៏យូរអង្វែងនៃទិដ្ឋភាពនយោបាយអឺរ៉ុប ស្របពេលដែលគណបក្សផ្សេងទៀតជាច្រើន បានពង្រឹងជំហររបស់ពួកគេកាន់តែតឹងរ៉ឹងលើជនអន្តោប្រវេនស៍៕
