ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានយល់ព្រមចាប់ផ្តើមកិច្ចប្រជុំឡើងវិញនៅទីក្រុងអ៊ីស្តង់ប៊ុល តាមសំណើរបស់ប្រទេសសម្របសម្រួល និងប្រទេសម្ចាស់ផ្ទះទួរគី ក្រោយជុំដំបូងរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងកាប៊ុល ពុំអាចដោះស្រាយភាពតានតឹងរវាងប្រទេសជិតខាងទាំង ២បាន ដែលនាំឲ្យមានការប៉ះទង្គិចផ្នែកយោធា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
ក្រុមមន្រ្តីប៉ាគីស្ថាន និយាយថា គណៈប្រតិភូអ៊ីស្លាម៉ាបាដ មានគម្រោងចាកចេញពីទីក្រុងរបស់ទួរគី ក្រោយកិច្ចពិភាគ្សាជុំមុនចំណាយពេល ៤ថ្ងៃ បញ្ចប់ទៅដោយភាពទាល់ច្រក ។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវក្រុមរបស់ពួកគេនឹងបន្តស្នាក់នៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបន្តកិច្ចចរចានៅថ្ងៃព្រហស្បតិ៍នេះ ។

មន្រ្តីសន្តិសុខមួយរូបដែលសុំមិនបញ្ចេញឈ្មោះ ដោយសារវាគឺជាកិច្ចសន្ទនារសើប និយាយប្រាប់កាសែត Al Jazeera ថា ប៉ាគីស្ថានធ្លាប់បានធ្វើការសង្កត់ធ្ងន់ម្តងរួចមកហើយថា ទឹកដីអាហ្វហ្គានីស្ថានមិនគួរប្រើប្រាស់សម្រាប់អំពើភេរវកម្មនោះទេ ប្រឆាំងនឹងប៉ាគីស្ថាន ។
លោកបន្តថា ពួកយើងសូមកោតសរសើរតួនាទីលក្ខណៈស្ថាបនាប្រទេសម្ចាស់ផ្ទះរបស់ពួកយើង ហើយពួកយើងនៅតែបន្តការប្តេជ្ញាចិត្ត ដើម្បីស្វែងដំណោះស្រាយសន្តិភាព ដោយសុចរិត ។
សារព័ត៌មានអាហ្វហ្គានីស្ថាន រាយការណ៍ផងដែរថា ក្រោយការធ្វើអន្តរាគមន៍របស់ប្រទេសម្ចាស់ផ្ទះទួរគី និងប្រទេសសម្របសម្រួលកាតា ប្រទេសជិតខាងទាំង ២ បានឯកភាពគ្នា ចាប់ផ្តើមឡើងវិញកិច្ចពិភាក្សារបស់ពួកគេ ដែលបានបញ្ចប់ទៅនៅដើមសប្តាហ៍នេះ ៕
