យោធាអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) នេះ បានធ្វើការវាយឆ្មក់បណ្ដាលឲ្យមានអ្នកស្លាប់ នៅភាគខាងត្បូងនៃប្រទេសលីបង់ ដែលជំរុញឲ្យប្រធានាធិបតីលីបង់ លោក Joseph Aoun បញ្ជាឲ្យកងទ័ពប្រឈមទល់នឹងការលុកលុយបែបនេះ។
យោធាអ៊ីស្រាអែលបានបញ្ជាក់ពីការវាយឆ្មក់នេះ ដោយប្រាប់ឲ្យដឹងថា ខ្លួនកំពុងធ្វើប្រតិបត្តិការប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា នៅពេលដែលកងកម្លាំងរបស់ខ្លួន បានបាញ់ប្រហារទៅលើ «ជនសង្ស័យ»។ ទោះបីជាមានបទឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយក្រុមសកម្មប្រយុទ្ធលីបង់ក៏ដោយ ក៏អ៊ីស្រាអែលនៅតែរក្សាវត្តមានកងទ័ព ក្នុងតំបន់ចំនួន ៥ នៅភាគខាងត្បូងលីបង់ ហើយបានបន្តការវាយប្រហារតាមអាកាសជាប្រចាំ។

លោក Aoun បានណែនាំយោធាឲ្យ «ប្រឈមទល់នឹងការលុកលុយរបស់អ៊ីស្រាអែលចូលក្នុងដែនដីភាគខាងត្បូង ដើម្បីការពារទឹកដីលីបង់ និងសុវត្ថិភាពរបស់ប្រជាជន» ក្នុងអំឡុងពេលមានកិច្ចប្រជុំជាមួយមេទ័ព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតី។
នាយករដ្ឋមន្ត្រី លោក Nawaf Salam បានថ្កោលទោសការលុកលុយនេះថា ជា «ការឈ្លានពានយ៉ាងជាក់ស្ដែងលើស្ថាប័នរដ្ឋ និងអធិបតេយ្យភាពរបស់លីបង់»។
នៅព្រឹកថ្ងៃនេះ ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការ (NNA) របស់លីបង់ បានរាយការណ៍ថា ទាហានអ៊ីស្រាអែល «បានវាយលុកអគារសាលាក្រុង Blida ជាកន្លែងដែលបុគ្គលិកឈ្មោះ Ibrahim Salameh កំពុងដេកលង់លក់ ហើយទាហានសត្រូវ បានសម្លាប់រូបគេ»៕
