ការិយាល័យរបស់លោក Lee Jae Myung បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) នេះថា លោកប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ថា វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ ដោយសាររបៀបដែលប្រទេសទាំង២ មានស្ថានភាពដូចគ្នាច្រើន នៅក្រោមបរិយាកាសពាណិជ្ជកម្មបច្ចុប្បន្ន។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើងក្នុងអំឡុងពេលមានការជួបគ្នាដោយផ្ទាល់ជាលើកដំបូងរបស់មេដឹកនាំទាំង២ គិតចាប់តាំងពីលោកស្រី Takaichi បានក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសជប៉ុន នៅខាងក្រៅកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។

ជាមួយគ្នានេះ លោកស្រី Takaichi ក៏បានលើកឡើងផងដែរថា ការធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរ «ដោយមានគោលដៅរយៈពេលយូរ» នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២ ហើយកិច្ចសហប្រតិបត្តិការ រវាងទីក្រុងតូក្យូ សេអ៊ូល និងវ៉ាស៊ីនតោន កាន់តែមានសារៈសំខាន់បន្ថែមទៀត។ នេះបើយោងតាមរូបភាពវីដេអូ នៅលើកញ្ចក់ទូរទស្សន៍។
បើតាមសម្តីរបស់អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង គឺលោកស្រី Kang Yu-jung បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ លោក Lee និងលោកស្រី Takaichi មិនបាននិយាយដល់បញ្ហា ទាក់ទងនឹងការធ្វើអាណានិគមរបស់ប្រទេសជប៉ុន លើប្រទេសកូរ៉េ ដែលជាប្រភពនាំឲ្យមានទំនាក់ទំនងតានតឹង រវាងសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់សហរដ្ឋអាមេរិកទាំង២ នោះទេ៕
