ប្រធានាធិបតីទួរគីលោក Recep Tayyip Erdoğan បានស្វាគមន៍អធិការបតីអាល្លឺម៉ង់លោក Friedrich Merz នៅក្នុងទីក្រុងអង់ការ៉ានាថ្ងៃព្រហស្បតិ៍នេះ នៅក្នុងជំនួបមួយដែលទំនងជាផ្តោតសំខាន់លើបញ្ហាសង្រ្គាមអ៊ុយក្រែន ការធ្វើអន្តោប្រវេសន៍ និងកិច្ចខិតខំសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ។
លោក Merz ទទួលបានការស្វាគមន៍នៅក្នុងពិធីផ្លូវការនៅឯវិមានប្រធានាធិបតី ។
មុននេះ មេដឹកនាំអាល្លឺម៉ង់រូបនេះ បានដាក់កម្រងផ្កានៅចេតិយរបស់លោក Mustafa Kemal Atatürk ដែលជាស្ថាបនិកបង្កើតប្រទេសទួរគីនាសម័យទំនើប ស្របពេលដែលលោកបំពេញដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីក្រុងអង់ការ៉ា ។

លោក Merz ចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍ និងបានកោតសរសើរលោក Atatürk សម្រាប់ការបើកសម័យកាលថ្មី ពេលដែលរូបលោកបង្កើតសាធារណរដ្ឋទួរគីកាលពីរយៈពេល ១០២ឆ្នាំមុន ។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ចេតិយលោក Atatürk មេដឹកនាំអាល្លឺម៉ង់រូបនេះ សរសេរនៅលើបណ្តាញព័ត៌មានសង្គមថា ពួកយើងចូលដល់ដំណាក់កាលភូមិសាស្រ្តនយោបាយថ្មី ។
លោកបន្តថា ដូច្នេះហើយ ពួកយើងត្រូវតែបង្កើនភាពជាដៃគូយុទ្ធសាស្រ្តរបស់ពួកយើង ពួកយើងគួរតែប្រើប្រាស់ឲ្យបានល្អប្រសើរជាងនេះ នូវសក្តានុពលដ៏ធំធេងនៃទំនាក់ទំនងរបស់ពួកយើងជាមួយទួរគី ។ ពួកយើងអាចបង្កើតគ្រឹះដ៏ខ្លាំងក្លាមួយនៅទីនេះ ៕

