ជំនួបកំពូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) នេះ ជាមួយសមភាគីចិន គឺលោក Xi Jinping បានបង្កើតឲ្យមានការសម្រេចមួយចំនួន ដើម្បីជួយដោះស្រាយភាពតានតឹងពាណិជ្ជកម្ម ប៉ុន្តែមិនមានកិច្ចព្រមព្រៀង ទាក់ទងនឹងភាពជាម្ចាស់លើបណ្ដាញសង្គម TikTok នោះទេ។
ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងបន្ទាប់ពីមានកិច្ចប្រជុំនេះថា៖ «ប្រទេសចិននឹងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហានានាឲ្យបានសមស្រប ទាក់ទងនឹងបណ្ដាញសង្គម TikTok»។ តែយ៉ាងណាក្ដី ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ អំពីដំណើរការឆ្ពោះទៅរកការបញ្ចប់ភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងជោគវាសនានៃវេទិកាចែករំលែកវីដេអូដ៏ពេញនិយមមួយនេះ នៅក្នុងសហរដ្ឋអាមេរិក។
រដ្ឋបាលរបស់លោក Trump បានផ្តល់សញ្ញាថា នៅទីបំផុត ខ្លួនអាចនឹងបានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំងហើយ ដើម្បីឲ្យ TikTok បន្តមានដំណើរការ នៅសហរដ្ឋអាមេរិក។ ហើយនៅឯកម្មវិធី Face the Nation របស់ប្រព័ន្ធផ្សព្វផ្សាយ CBS កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានលើកឡើងថា មេដឹកនាំទាំង២ នឹង «បញ្ចប់បញ្ហានោះសព្វគ្រប់ នៅថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសកូរ៉េខាងត្បូង»។
គួររំលឹកថា សំឡេងភាគច្រើននៃគណបក្សទាំង ២ នៅក្នុងសភា បានផ្ដល់ការអនុម័ត ហើយលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខា លើច្បាប់មួយ ដែលនឹងហាមឃាត់ TikTok មិនឲ្យមានប្រតិបត្តិការនៅសហរដ្ឋអាមេរិក ប្រសិនបើបណ្ដាញសង្គមមួយនេះមិនបានរកឃើញម្ចាស់ថ្មីជំនួសឲ្យក្រុមហ៊ុន ByteDance របស់ប្រទេសចិនទេនោះ។ កម្មវិធីនេះបានផ្អាកដំណើរការរយៈពេលខ្លី ពេលដល់ថ្ងៃផុតកំណត់ កាលពីខែមករា ប៉ុន្តែថ្ងៃដំបូងនៅក្នុងតំណែងរបស់លោក លោក Trump បានចុះហត្ថលេខាលើក្រឹត្យ ដើម្បីឲ្យកម្មវិធីបណ្ដាញសង្គមនេះដំណើរការ ខណៈដែលរដ្ឋបាលរបស់លោក ប្រឹងប្រែងឲ្យបានឈានដល់កិច្ចព្រមព្រៀងលក់របស់ក្រុមហ៊ុន។
ក្រឹត្យចំនួន ៣ទៀត បានមានជាបន្តបន្ទាប់ ខណៈដែលលោក Trump ដោយគ្មានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់ បានពន្យារពេលកំណត់ ដើម្បីធ្វើយ៉ាងណាឲ្យមានកិច្ចព្រមព្រៀង TikTok៕