យោងតាមរបាយការណ៍ផ្លូវការបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរា Melissa ដ៏ខ្លាំងក្លា បានកើនឡើងដល់ ៤៤នាក់ កាលពីថ្ងៃព្រហស្បតិ៍ (៣០ តុលា) បន្ទាប់ពីបង្កការបំផ្លិចបំផ្លាញយ៉ាងមហន្តរាយទូទាំងភាគខាងជើងនៃតំបន់សមុទ្រការ៉ាអ៊ីប និងបង្កើនល្បឿនឆ្ពោះទៅដែនដី ប៊ឺមូដា (Bermuda)។

រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសហ្សាម៉ាអ៊ីក បានប្រាប់សារព័ត៌មានរ៉យទ័រថា យ៉ាងហោចណាស់អ្នកស្លាប់ចំនួន ១៩នាក់ត្រូវបានបញ្ជាក់ ប៉ុន្តែអាជ្ញាធរកំពុងបន្តកិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។ ព្យុះនេះបានធ្វើឱ្យមនុស្សរាប់សែននាក់គ្មានថាមពលអគ្គិសនីប្រើប្រាស់ ខូចខាតអគារ និងកម្ទេចថ្មបែកបាក់នៅរាយប៉ាយពាសពេញដងផ្លូវ។ អ្នកព្យាករប៉ាន់ប្រមាណពី ការខូចខាតទ្រព្យសម្បត្តិ និងសេដ្ឋកិច្ចក្នុងប្រទេសហ្សាម៉ាអ៊ីក ពីចំនួន ៤៨ពាន់លានដុល្លារ ទៅ ៥២ពាន់លានដុល្លារ។
នៅប្រទេសហៃទីវិញ ព្យុះនេះមិនបានវាយប្រហារដោយផ្ទាល់ទេ ប៉ុន្តែទោះយ៉ាងនេះក្ដី ហៃទីបានរងនូវភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃពីកម្លាំងព្យុះ ហើយអាជ្ញាធររាយការណ៍ថា មានអ្នកស្លាប់យ៉ាងតិច ២៥នាក់ ដែលភាគច្រើននៅក្នុងទីក្រុង Petit-Goave ភាគខាងត្បូង។
ព្យុះ Melissa ក៏បានវាយលុកភាគខាងកើតគុយបាផងដែរ ជាទីដែលមនុស្សប្រហែល ៧៣៥.០០០នាក់ ត្រូវបានជម្លៀសចេញ ប៉ុន្តែគិតត្រឹមថ្ងៃព្រហស្បតិ៍កន្លងទៅ ពុំទាន់មានអ្នកស្លាប់ត្រូវបានរាយការណ៍នៅទីនោះទេ ខណៈការខូចខាតផ្ទះសម្បែង និងដំណាំកើតឡើងជាច្រើន។
នៅប្រជុំកោះបាហាម៉ាស ដែលព្យុះ Melissa បានបក់កាត់នៅយប់ថ្ងៃពុធ អាជ្ញាធរបានដកការព្រមានពីព្យុះ ប៉ុន្តែមិនបានផ្តល់សញ្ញា "អស់ព្យុះទាំងស្រុង" ទេ។ មន្ត្រីម្នាក់និយាយថា អាជ្ញាធរកំពុងតាមដានរហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ថាតើលក្ខខណ្ឌអាកាសធាតុមានសុវត្ថិភាពសម្រាប់មនុស្សរាប់រយនាក់ដែលត្រូវជម្លៀសចេញពីកោះរងផលប៉ះពាល់ ឬយ៉ាងណា៕


