អនុប្រធានាធិបតីអាមេរិកលោក JD Vance បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ៣០ តុលា បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យយោធាអាមេរិកបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញបន្ទាប់ពីមានគម្លាត ៣៣ ឆ្នាំថា ការសាកល្បងអាវុធនុយក្លេអ៊ែររបស់អាមេរិកមានសារៈសំខាន់ចំពោះសន្តិសុខជាតិ។
លោក Vance បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅសេតវិមានថា វាជាផ្នែកមួយដ៏សំខាន់នៃសន្តិសុខជាតិរបស់អាមេរិក ដើម្បីធ្វើឱ្យប្រាកដថា ឃ្លាំងអាវុធនុយក្លេអ៊ែរដែលពួកលោកមាន ពិតជាដំណើរការបានត្រឹមត្រូវ។ ពួកលោកដឹងថាវាដំណើរការបានត្រឹមត្រូវ ប៉ុន្តែត្រូវតែបន្ត ហើយប្រធានាធិបតីគ្រាន់តែចង់ធ្វើឱ្យប្រាកដថាអាមេរិកធ្វើបាន។

លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យយោធាអាមេរិក ចាប់ផ្តើមការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញជាបន្ទាន់ បន្ទាប់ពីមានគម្លាតរយៈពេល ៣៣ ឆ្នាំ នូវអ្វីដែលហាក់ដូចជាសារមួយដើម្បីប្រកួតប្រជែងមហាអំណាចនុយក្លេអ៊ែរចិន និងរុស្ស៊ី។

លោក Trump បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម Truth Social ខណៈពេលនៅលើឧទ្ធម្ភាគចក្រ Marine One របស់លោកដែលកំពុងហោះហើរទៅជួបប្រធានាធិបតីចិន លោក Xi Jinping សម្រាប់សម័យប្រជុំចរចាពាណិជ្ជកម្មនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង។ លោកបាននិយាយថាលោកកំពុងណែនាំដល់មន្ទីរបញ្ចកោណឱ្យសាកល្បងឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅលើមូលដ្ឋានស្មើគ្នា ជាមួយមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត៕