សារព័ត៌មាន Daily NK ដែលតាមដានកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (៣០ តុលា) ថា កូរ៉េខាងជើង បានពង្រាយទាហានប្រមាណ ១.០០០នាក់ ពីកងពលតូចឯកទេសខាងសំណង់ ដែលទើបបង្កើតថ្មីរបស់ខ្លួន ដើម្បីទៅកសាងឡើងវិញក្នុងតំបន់នានារបស់រុស្ស៊ី ដែលរងការខូចខាតដោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន -- ដែលនេះបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរក "ប្រតិបត្តិការកសាងក្រោយសង្គ្រាម" ដើម្បីធ្វើជាប្រភពចំណូលបរទេស។

យោងតាមប្រភពជាច្រើនរបស់កាសែត Daily NK បានឱ្យដឹងថា ទាហានប្រហែល ១.០០០នាក់ នៃកងពលតូចសំណង់ក្រោមក្រសួងការពារជាតិកូរ៉េខាងជើង ត្រូវពង្រាយជាពីរក្រុមទៅកាន់ការដ្ឋានក្នុងតំបន់សាងសង់ឡើងវិញ ដែលរងផលប៉ះពាល់ដោយសង្គ្រាមរុស្ស៊ី - អ៊ុយក្រែន កាលពីដើមខែតុលានេះ។
ប្រភពមួយនៅរុស្ស៊ី បាននិយាយថា "ទាហានកូរ៉េខាងជើងនោះ ត្រូវបញ្ជូនទៅកាន់ទីតាំងដែលនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីតំបន់ Rostov ភាគនិរតីរបស់រុស្ស៊ី"។ ក្នុងទឹកដីរុស្ស៊ី អង្គភាពនេះត្រូវគេហៅថា "ក្រុមកិច្ចសហប្រតិបត្តិការកសាងឡើងវិញរុស្ស៊ី-កូរ៉េ" ឬ "អង្គភាពវិស្វកម្មសាងសង់ឡើងវិញ"។
ដោយពិចារណាលើបញ្ហានេះ Daily NK និយាយថា កូរ៉េខាងជើងហាក់ដូចជាកំពុងធ្វើឱ្យ "ការកសាងឡើងវិញក្រោយសង្គ្រាម" ក្លាយជាប្រភពរូបិយបណ្ណបរទេសថ្មីសម្រាប់សេដ្ឋកិច្ចជាតិ។ កាលពីមុន កូរ៉េខាងជើងធ្លាប់បញ្ជូនទាហានសកម្មទៅការដ្ឋានសំណង់ក្រៅប្រទេស តាមរយៈក្រុមហ៊ុនពាណិជ្ជកម្មមួយចំនួន។ ប៉ុន្តែពេលនេះ ទីក្រុងព្យុងយ៉ាងហាក់ដូចជាឈានមួយជំហានថ្មី ដោយផ្លាស់ប្តូរទៅជាប្រព័ន្ធ "ធានាបាននូវរូបិយប័ណ្ណបរទេស" តាមរយៈការកសាងឡើងវិញក្រោយសង្រ្គាម ដោយការបង្កើត និងដាក់ពង្រាយអង្គភាពយោធាឯកទេសបែបនេះ៕

