ភ្នំពេញ៖ រាជរដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ សម្រាប់វិស័យសណ្ឋាគារ, ផ្ទះសំណាក់,ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍, ការបន្តលើកលែងបង់ពន្ធប៉ាតង់ ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀត និងលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆមាសទី១ក្នុងឆ្នាំនេះ ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ចេញសេចក្តីប្រកាសរួម ស្តីពីការអនុវត្តវិធានការគោលនយោបាយគន្លឹះ សម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២ ដោយប្រកាសនេះ និងបន្តអនុគ្រោះដល់វិស័យទេសចរណ៍ដូចជា៖ បន្តលើកលែងការបង់ពន្ធ ប្រចាំខែគ្រប់ប្រភេទនៃសកម្មភាពអាជីវកម្មក្នុងវិស័យទេសចរណ៍នៅក្នុងរាជធានីភ្នំពេញ,ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់ឆមាសទី១ ឆ្នាំ២០២២ ។
ករណីមានបំណុលសល់មុនវិបត្តិនៃជំងឺកូវីដ-១៩ ចំពោះប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តដទៃទៀត ត្រូវពន្យារពេលការចុះធ្វើសវនកម្មនៅក្នុងឆ្នាំ ២០២១ ប៉ុន្តែអាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។
អន្តរក្រសួង បានបន្តលើកលែងការបង់ពន្ធប៉ាតង់ ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀតសម្រាប់ ឆ្នាំ២០២២។ ចំណែកការ បន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ ក៏ត្រូវបានលើកលែងនៃការបង់កម្រៃផងដែរ។
ក្រៅពីនេះគឺការបន្តសុពលភាព នៃការអនុវត្តសេចក្តីជូនដំណឹង ស្តីពីការអនុវត្តគោលនយោ បាយលើកទឹកចិត្ត នៃការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ ផងដែរ។
លោក ធឿន វុឌ្ឍី នាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ "មរតកអៅដរ (Morodok Outdoor)" សាទរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ដែលបន្តយកចិត្តទុកដាក់ខ្ពស់ ផ្តល់ការអនុគ្រោះពន្ធ និងផ្នែកផ្សេងៗទៀត នៅក្នុងវិស័យទេសចរណ៍ ដើម្បីទុកឱកាសឲ្យវិស័យឯកជន អភិវឌ្ឍន៍ និងស្តារអាជីវកម្មឡើងវិញ ដើម្បីបន្តរួមចំណែក ដល់ការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញផងដែរ។
សូមបញ្ជាក់ថា៖ ទាក់ទងវិស័យទេសចរណ៍ បើតាមរបាយការណ៍សង្ខេប ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វិស័យសេវា កម្មត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៤,១% ក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញសន្សឹមៗ នៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេង៕អត្ថបទ៖ សុន រ៉ាឌី
