ក្រុមហាម៉ាស បានប្រគល់សាកសពចំណាប់ថ្នូរអ៊ីស្រាអែល ចំនួនពីរនាក់ទៀត កាលពីថ្ងៃព្រហស្បតិ៍ (៣០ តុលា) រយៈពេលមួយថ្ងៃបន្ទាប់ពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា ត្រូវបានរង្គោះរង្គើដោយការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ៊ុមព័ទ្ធនេះ។

អ៊ីស្រាអែល ក៏បានបញ្ជាក់ពីអត្តសញ្ញាណសពចំណាប់ថ្នូរពីរនាក់នោះ ដែលខ្លួនបានទទួលពីក្រុមហាម៉ាស តាមរយៈកាកបាទក្រហមនៅហ្កាហ្សា។ យោធាអ៊ីស្រាអែល កាលពីយប់ថ្ងៃព្រហស្បតិ៍ បាននិយាយថា សាកសពចំណាប់ថ្នូរឈ្មោះ Amiram Cooper និង Sahar Baruch ត្រូវបញ្ជូនទៅទីបញ្ចុះ បន្ទាប់ពីកំណត់អត្តសញ្ញាណរួច។
នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ថ្នូរនៅរស់ទាំងអស់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនជិត ២.០០០នាក់ និងអ្នកជាប់ឃុំក្នុងសម័យសង្គ្រាម ខណៈអ៊ីស្រាអែល បានដកទ័ព បញ្ឈប់ការវាយលុក និងបង្កើនជំនួយទៅហ្កាហ្សា។
លើសពីនេះ ក្រុមហាម៉ាសក៏បានយល់ព្រមប្រគល់សពចំណាប់ថ្នូរដែលបានស្លាប់ទាំង ២៨នាក់ ដោះដូរនឹងសពពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ៣៦០នាក់ ដែលត្រូវសម្លាប់ក្នុងសង្គ្រាម។ គិតត្រឹមថ្ងៃព្រហស្បតិ៍នោះ ហាម៉ាសបានប្រគល់សាកសព ១៥នាក់ ទៅឱ្យអ៊ីស្រាអែលរួចហើយ។ អ៊ីស្រាអែលចោទថា ក្រុមហាម៉ាស ប្រគល់សពចំណាប់ថ្នូរយឺតយ៉ាវខ្លាំងណាស់ ខណៈក្រុមហាម៉ាស ប្រកែកថា ខ្លួនត្រូវការពេលវេលាដើម្បីកំណត់ទីតាំង និងយកសពទាំងអស់មកវិញ៕


