សារព័ត៌មាន NBC News បានរាយការណ៍នៅថ្ងៃអង្គារ (២៨ តុលា) សប្ដាហ៍នេះ ដោយសម្អាងដល់ការវាយតម្លៃចារកម្មរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានការតាំងចិត្តកាន់តែខ្លាំងឡើងជាងពេលណាៗទាំងអស់ ក្នុងការបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន បើទោះបីជាមានការខាតបង់កម្លាំងទ័ព និងភាពតានតឹងផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរក្នុងប្រទេសក៏ដោយ។
ការវិភាគ ដែលត្រូវបានចែករំលែកជាមួយសមាជិកសភាអាមេរិក កាលពីដើមខែតុលានេះ និងរាយការណ៍ដោយ NBC បានបង្ហាញថា ពុំមានសញ្ញាណាមួយដែលចង្អុលប្រាប់ថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលនោះទេ ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump ប្រឹងប្រែងរកច្រកចេញពីជម្លោះដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរនេះក៏ដោយ។
NBC បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលដឹងពីការវាយតម្លៃចារកម្មថា ទោះបីជាប្រឈមមុខនឹងការបាត់បង់ទ័ពយ៉ាងសម្បើម — ដែលទីក្រុងគីវប៉ាន់ប្រមាណថាមានលើសពី ១លាននាក់ទៅហើយ — និងភាពតានតឹងផ្នែកសេដ្ឋកិច្ចកំពុងកើនឡើងក្នុងប្រទេសក៏ដោយ ក៏លោក Putin នៅតែ "ប្ដេជ្ញាចិត្តខ្លាំងជាងពេលណាៗទាំងអស់" ក្នុងកិច្ចប្រឹងប្រែងរបស់លោក ដើម្បីទទួលបានទឹកដីអ៊ុយក្រែនបន្ថែមទៀត។
អ្នកនាំពាក្យសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការវាយតម្លៃចារកម្មសម្ងាត់នេះទេ ប៉ុន្តែបានចង្អុលទៅកាន់ការដាក់ទណ្ឌកម្មថ្មីៗរបស់ទីក្រុងវ៉ាស៊ីនតោន លើក្រុមហ៊ុនប្រេងរុស្ស៊ី ដោយនិយាយថា រដ្ឋបាលលោក Trump សង្ឃឹមថា វិធានការទាំងនេះនឹងជួយ "នាំមកនូវទីបញ្ចប់ឱ្យសង្គ្រាម"៕