ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ណៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាទីកន្លែងដែលសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២២។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតប្រកបដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឆន់ រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីវេលាម៉ោង១៤ និង៥២នាទី រសៀល ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង ១២និង៥២នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមាននៃការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីអគ្គនាយករង នៃក្រសួងការបរទេសកូរ៉េ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ក្រសួងការបរទេសកូរ៉េ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី ក្រៅពីការថ្លែងសុន្ទរកថា គន្លឹៈចំនួន៣ ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ រួមទាំងការជួបសន្ទនាជាមួយ ឯកឧត្តម លី ចេមីយ៉ុង បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យកូរ៉េ ឯកឧត្តម យ៊ូន សឹកយូល បេក្ខជនប្រធានាធិបតេយ្យ មកពីគណបក្សអំណាចប្រជាជនកូរ៉េ និងជួបដោយឡែកជាមួយ លោកជំទាវ បណ្ឌិត ហាក់ ចាហាន់ម៉ូន ស្ថាបនិកមូលនិធិសហព័ន្ធសន្តិភាពសកល។
ដោយឡែកនៅសណ្ឋាគារឡូតេវើល ដែលជាទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ ក្តៅ ពីឯកឧត្តម Yun Young-Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល លោកបណ្ឌិត Thomas G Walsh ប្រធានអអ្គការសហព័ន្ធសន្តិភាពសកល ព្រមទាំងវត្តមាន អស់លោក លោកស្រី នៃអង្គការសហព័ន្ធសន្តិភាពសកល រួមទាំងនិស្សិតនិងបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងបំពេញការសិក្សា និងប្រកបការងារនៅសាធារណរដ្ឋកូរ៉េ ជាច្រើនរូប៕
