ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា បាននិយាយថា ខ្លួនកំពុងទាក់ទងជាមួយអ៊ុយក្រែន បន្ទាប់ពីការចាប់ខ្លួនអតីតគ្រូបណ្តុះបណ្តាលកងទ័ពជនជាតិអង់គ្លេស ដែលទីក្រុងគីវ ចោទប្រកាន់ថាបានធ្វើចារកម្មឱ្យរុស្ស៊ី។
អ៊ុយក្រែន បានចោទប្រកាន់បុរសនោះដែលត្រូវបានចាប់ខ្លួននៅលំនៅឋានរបស់លោកក្នុងទីក្រុងគីវ កាលពីដើមសប្តាហ៍នេះ ពីការបញ្ជូនព័ត៌មានទៅឲ្យទីក្រុងមូស្គូអំពីទីប្រឹក្សាយោធាបរទេសផ្សេងៗ នៅក្នុងប្រទេសអ៊ុយក្រែន និងការសម្របសម្រួលនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ព។
ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនបាននិយាយថា បុរសនោះជាជនជាតិអង់គ្លេសបានទៅដល់ប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២៤ ធ្វើការហ្វឹកហ្វឺនយោធា ហើយធ្វើការនៅក្នុងអង្គភាពឆ្មាំព្រំដែន មុនពេលលោក ព្រមព្រៀងសហការជាមួយទីក្រុងមូស្គូ។
ក្រសួងការបរទេសរបស់ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបាន «ដឹងពីរបាយការណ៍ដែលថាជនជាតិអង់គ្លេសម្នាក់ត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ុយក្រែន»។ បុរសជនជាតិអង់គ្លេសរូបនេះ ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ។