ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសពីការកំណត់ទទួលយកជនភៀសខ្លួនក្នុងកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដោយកំណត់ឲ្យចូលត្រឹមតែ៧.៥០០នាក់ប៉ុណ្ណោះសម្រាប់ឆ្នាំសារពើពន្ធ២០២៦។
នៅក្នុងឯកសាររបស់ការិយាល័យប្រធានាធិបតីដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែចុះថ្ងៃទី ៣០ ខែកញ្ញា រដ្ឋបាលរបស់លោកTrump បានបង្ហាញថាប្រព័ន្ធជនភៀសខ្លួនរបស់សហរដ្ឋអាមេរិកនឹងនៅតែបិទយ៉ាងទូលំទូលាយសម្រាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកដែលភៀសខ្លួនចេញពីស្ថានភាពគ្មានសុវត្ថិភាព។
ជំនួសមកវិញ អាទិភាពសម្រាប់ការកំណត់មានចំនួនត្រឹមតែ៧.៥០០នាក់នឹងត្រូវបានផ្តល់ទៅឱ្យជនជាតិស្បែកសមកពីអាហ្វ្រិកខាងត្បូង។
លោក Trump បាននិយាយដដែលថាជនជាតិស្បែកសអាហ្វ្រិកខាងត្បូងកំពុងត្រូវបានគេធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសភាគច្រើនជាជនជាតិស្បែកខ្មៅ ជាការអះអាងដែលត្រូវបានច្រានចោលដោយរដ្ឋាភិបាលអាហ្រ្វិកខាងត្បូងនិងមន្ត្រីជាន់ខ្ពស់អាហ្រ្វិក។
ការផ្តល់ជំនួយនិងកិច្ចសន្យាសម្រាប់ការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនដែលបច្ចុប្បន្នមិនបានកើតឡើងតាមការគ្រោងទុករបស់អង្គការសាធារណៈ និងឯកជន នឹងត្រូវបានបញ្ជូនទៅកាន់ការិយាល័យតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួននៅក្នុងក្រសួងសុខាភិបាល និងប្រជាសេវា។